ឯក​ឧត្តម​ ថោង លីម​ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ​ ​ របស់​ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ

AKP ​ព្រះសីហនុ​ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា​ ឆ្នាំ​២០១៩​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រៀបចំពិធីបិទសន្និបាតបូកសរុប​សភាព​ការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​ប្រចាំ​ឆ្នាំ​ និង​ផ្សព្វផ្សាយទិស ដៅការងារបន្តរបស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាលជាតិ មានការចូលរួមដោយឯកឧត្តម នាយឧត្តមសេនីយ៍​ ថោង លីម​ អគ្គស្នងការរងនគរបាលជាតិ លោក ​ គង់ វិតាណ:  អភិបាល​រង​ខេត្ត​ព្រះសីហនុ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ ពី​លោក លោកស្រី​ជា​អភិបាល​ អភិបាលរង​ក្រុង​ស្រុក​ តំណាង​សាលា​ដំបូង​ខេត្ត​ ព្រះ​រាជ​អាជ្ញា​ ថ្នាក់​ដឹកនាំ​តាម​មន្ទីរ​ ស្ថាប័នរដ្ឋពាក់ព័ន្ធមួយចំនួន ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បាន​កោតសរសើរចំពោះស្នាដៃរបស់ កងកម្លាំងនគរបាល​ខេត្ត​ បានខិតខំប្រឹងប្រែងបំពេញ​ការងារ ភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ បានល្អកន្លង មក ព្រមទាំងបានរម្លឹកដាស់តឿនដល់ កងកម្លាំង នគរបាលត្រូវយក​ចិត្ត​ទុក​លើបញ្ហា សណ្តាប់​ធ្នាប់​សាធារណៈ ពិសេសការកកស្ទះចរាចរណ៍ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចំពោះ​ជន​បរទេស​បើកបរ​យាន​យន្ត​ដោយ​គ្មាន​ប័ណ្ណ​បើកបរ បន្ត​អនុវត្ត​ន៍នូវគោល​នយោបាយភូមិ ឃុំមានសុវត្ថិភាព ការ​គ្រប់គ្រង​ជន​បរទេស​ និងចូលរួមបង្ការទប់ស្កាត់ក្រុមបង្ក​ភាព​អនាធិបតេយ្យ​ រំលោភ​បំពាន​ទន្ទ្រាន​កាន់​កាប់​ដីរបស់រដ្ឋ របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ។ល។

ឯកឧត្ដម​ នាយ​ឧត្ដម​សេនីយ៍ ថោង លីម​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ មានប្រសាសន៍ ផ្តាំផ្ញើរដល់កងកម្លាំងនគរបាល ព្រមទាំង​លើក​ឡើង​អំពី​សភាពការណ៍​ សន្តិសុខសកល សន្តិសុខ​នយោបាយក្នុងប្រទេស និងសកម្មភាព​ក្រុម​ប្រឆាំង​ ដែល​មាន​ឧបាយកល​ទុច្ចរិត​ ញុះ ញង់បំផ្លាញដល់សន្តិសុខជាតិ។

ឯកឧត្តម​ ក៏បានធ្វើការណែនាំឱ្យកងកម្លាំងនគរបាល ត្រូវ​ត្រូវយកចិត្តទុកដាក់ លើការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសត្រូវស្រាវជ្រាវមុខសញ្ញាបងតូច បងធំ បញ្ហាគ្រឿងញៀននៅតាមភូមិ សាស្ត្រ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា។ ក្តាប់​សភាព​ការណ៍សន្តិសុខ នយោបាយ សណ្តាប់​ធ្នាប់​សង្គម​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ដើម្បីរាយការណ៍​ជូនថ្នាក់​ដឹកនាំ​ ដាក់​ចេញ​នូវ​វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និង​ចូល​រួមអនុវត្ត​ន៍គោល​នយោបាយ​ប្រឡងប្រណាំងភូមិ ឃុំមានធានាសេចក្តីសុខ សុវត្ថិភាពនៅគ្រប់មូល ដ្ឋានសហគមន៍ ប្រជាពលរដ្ឋ៕

ដោយ ងូ សុមុនី