ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ដាក់គោលដៅយកឈ្នះពានរង្វាន់ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយកម្ពុជាត្រូវតែយកឱ្យបាន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង បញ្ជាក់ក្រោយបញ្ចប់មហាសន្និបាត នៅដើមសប្តាហ៍នេះថា សហព័ន្ធបាល់ទាត់កំពុងដាក់​គោលដៅយកឈ្នះ ពានរង្វាន់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ ដោយកម្ពុជាត្រូវតែយកឱ្យបាន។

ឯកឧត្តមបានបង្ហាញនូវជំនឿចិត្តខ្ពស់ ក្នុងការដណ្ដើមពាន​លើ​ប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូង នាឆ្នាំ ២០២៣ ខាងមុខ។

ស៊ីហ្គេម ឆ្នាំ២០២៣ គឺជាគោលដៅសំខាន់របស់សហព័ន្ធ ដោយដាច់ខាតត្រូវលើកពាន មេដាយមាស ឱ្យខាងតែបាន។ ការដាក់ក្ដីរំពឹងខ្ពស់យ៉ាងដូច្នេះ គឺដោយសារឯកឧត្តមរំពឹងខ្ពស់លើផែន​ការ យុទ្ធសាស្ដ្ររបស់ខ្លួន ដែលត្រូវអភិវឌ្ឍន៍ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជារូបនេះបានបន្ថែមថា មូលហេតុអ្វី ដែលយើងអាចថា លើកពានស៊ីហ្គេម ឆ្នាំ២០២៣នេះបាន គឺដោយសារមហាសន្និបាតបានពិភាក្សា និងឯកភាពគ្នាហើយ គឺកីឡាករ ត្រូវប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ សម្រាប់បាល់ទាត់ គឺអាយុក្រោម ២២ឆ្នាំ ចឹងមានន័យថា កីឡាករគ្រប់គ្នា ត្រូវយកអាយុដែលកើតក្នុងឆ្នាំ២០០១ ដល់ឆ្នាំ២០០៣ ចុះក្រោម ដោយត្រូវតែ ចាប់ផ្ដើមអភិវឌ្ឍន៍ពីថ្ងៃនេះ ហើយគេក៏ចាប់ផ្ដើម ដូចយើងដែរ មនុស្សដូចតែគ្នា គឺគ្មានបញ្ហាទេ ពានរង្វាន់នោះ គឺម្ចាស់ផ្ទះកម្ពុជាត្រូវតែយក។ ជាមួយនឹងគោលដៅឈ្នះពានរង្វាន់ថ្នាក់​តំបន់មួយនេះ គឺឯកឧត្តមកំពុងជំរុញផែនការអភិវឌ្ឍន៍ និងសាងសង់សាលាតម្រង់ទិសទូទាំង ២៥រាជធានី-ខេត្ត ដើម្បីសម្រិតសម្រាំងឱ្យបាននូវបានធនធានប្រកបដោយគុណភាព ដើម្បី​សម្រេចឱ្យបាននូវគោលដៅដែលខ្លួចចង់បាន។

សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់បានដាក់ចេញនូវបេសកកម្មធំៗចំនួន៤ត្រូវអនុវត្តន៍ រួមមានទី១. បង្កើនសមត្ថភាពសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យមានគុណភាព និងវិជ្ជាជីវៈ ក្នុងការដឹកនាំ និងគ្រប់គ្រងក្លិបបាល់ទាត់អាជីព។ ទី២. រៀបចំមូលដ្ឋានសម្រាប់បាល់ទាត់ កម្ពុជាឈានទៅរកសមត្ថភាព និងបច្ចេកទេសកម្រិតខ្ពស់។ ទី៣. លើកកម្ពស់ និងប្រើប្រាស់ វិស័យកីឡាបាល់ទាត់ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍សង្គម និងទី៤. ធានាលទ្ធផល ល្អប្រសើរ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន