ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — នៅសាលាខេត្តព្រះវិហារ មានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍រដ្ឋសភា ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ រួមជាមួយ សមាជិក សមាជិកា ស.ស.យ.ក ខេត្ត ក្រុង ឃុំ ស្រុក និងវិស័យនានាចំនួន ៤៥០នាក់ កាលពីរសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា មោទនភាពជាតិ មិនមែនស្ថិតលើពាក្យ សម្តីនោះទេ តែលើទឹកចិត្ត និងបេះដូងរបស់ប្រជាជនម្នាក់ៗ ហើយអ្វីដែលសមាជិក សមាជិកា របស់យើងបានធ្វើកន្លងមក ធ្វើឱ្យខ្ញុំមានភាពជឿជាក់លើអនាគតកម្ពុជា។

សកម្មភាព របស់យើង បានឆ្លុះបញ្ចាំងពីសក្តានុពលរបស់យុវជនខ្មែរ ដែលពោរពេញដោយ ឆន្ទៈ ទឹកចិត្តហ៊ានលះបង់ពេលវេលា និងកម្លាំងកាយ ដើម្បីរួមគ្នានាំសង្គមកម្ពុជាឆ្ពោះទៅ មុខប្រកបដោយសុខដុមរមនា និងឧត្តមភាពជានិរន្តរ៕

ដោយ​ ទិត ស្រ៊