អ្នកនាំពាក្យក្រសួងការពារជាតិ៖ លំហាត់នាគមាសឆ្នាំ២០០៩ រវាងកងទ័ពកម្ពុជា-ចិន ជាការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — លំហាត់នាគមាសឆ្នាំ២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៣ មីនានេះ នាទីលានបាញ់គ្រាប់ពិតសាលា ហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។ ​អ្នកនាំពាក្យពាក្យក្រសួងការពារ​ជាតិ បានចាត់ទុកការរៀបចំលំហាត់យោធារវាងកងទ័ពប្រទេសទាំងពីរនេះ គឺជាការចូលរួមថែ​រក្សាសន្តិសុខក្នុងតំបន់ ដោយមិនមែនជាការគំរាមកំហែងអ្នកណាទាំងអស់។លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការបរទេសជាតិ បាន​លើកឡើងថា លំហាត់យោធាខាងលើនេះ គឺផ្តោតសំខាន់លើកិច្ចការមនុស្សធម៌ និងការ​ប្រឆាំងភេវរកម្ម ដែលអាចឱ្យកងទ័ពនៃប្រទេសទាំងពីរសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញកិច្ចការពារប្រទេសជាតិឱ្យកាន់តែខ្លាំងក្លា។មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញ​ទំនាក់ទំនង​មិត្តភាពកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃ ប្រទេសទាំងពីរផងដែរ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិ។
សូមជម្រាបថា កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជា ចំនួនពីរលើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ លំហាត់យោធាឆ្នាំ២០១៩នេះ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយ​មាន​កងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានគូសបញ្ជាក់ទៀតថា ភាគីទាំងពីរ​បាន​ឯកភាពបង្កើត​ឱ្យ​មានលំហាត់ហ្វឹកហ្វឺននេះរៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិ ការ​ យោធារវាង​​ប្រទេសទាំងពីរ៕

ដោយ ចាន់ សុធីវង្ស