អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ វត្តមានលោក Jack Ma នៅកម្ពុជានឹងធ្វើ​ឱ្យពិភព​លោក​កាន់​តែបង្កើនការចាប់អារម្មណ៍មកលើកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់មហាសេដ្ឋកិច្ចចិន គឺ​លោក Jack Ma មកទស្សនានៅតំបន់រមណីយដ្ឋានអង្គរ នាទឹកដីខេត្តសៀមរាបរបស់កម្ពុជា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃនេះ។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវត្ត មានរបស់​​​មហា​​សេដ្ឋីចិននៅកម្ពុជានេះ គឺនឹងធ្វើឱ្យពិភពលោកបង្កើនការចាប់​អារម្មណ៍មក​លើ​ប្រទេសកម្ពុជាកាន់តែខ្លាំងថែមទៀត។ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់​ចំពោះវត្ត​មាន​របស់​មហាសេដ្ឋីចិនលោក Jack Ma នៅពេលនេះ ដោយឯកឧត្តមចាត់ទុកការជ្រើស​រើសតំបន់​រមណីយ​ដ្ឋាន​អង្គរ ទឹកដីខេត្តសៀមរាប របស់ប្រទេសកម្ពុជាពីសំណាក់​មហា​សេដ្ឋី​ចិន​រូបនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការឱ្យតម្លៃមិនអាចកាត់ថ្លៃបាននៃសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់កម្ពុជា។ ឯកឧត្ដមបានលើកឡើងថា វត្តមានរបស់មហាសេដ្ឋីចិនដ៏ល្បីឈ្មោះរូបនេះ វាពិតជា បង្ហាញឱ្យឃើញពីកក្តាសន្តិសុខ សន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យថ្នាក់ដឹកនាំ កំពូលៗ របស់ពិភពលោក បូករួមទាំងមហាសេដ្ឋីរបស់ប្រទេសចិនដែរនោះ ចាប់អារម្មណ៍ មកទស្សនាតំបន់ទេសចរណ៍របស់កម្ពុជា។

សូមជម្រាបថា មហាសេដ្ឋីចិនលោក Jack Ma និងជាប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្ដសៀមរាប ក្នុងប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្វែងរកឱកាសវិនិយោគ។ មហាសេដ្ឋីចិនរូបនេះ បានមកទស្សនកិច្ច នៅខេត្ត សៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ ក៏ដូចជាទៅដំណើរកម្សន្តនៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរបស់កម្ពុជាផងដែរ៕

ដោយ ចាន់ សុធីវង្ស