សម្ដេចតេជោ ជំរុញឱ្យពន្លឿនការសាងសង់បណ្ដាញទាញទឹកពីខេត្តត្រាតប្រទេសថៃ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋខេត្តកោះកុងឱ្យបានឆាប់

AKP កោះកុង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអាជ្ញាធរ និងអ្នកដែលវិនិយោគ ជំរុញឱ្យ​ពន្លឿន​ការ​សាងសង់បណ្ដាញទឹកស្អាតពីខេត្តត្រាតប្រទេសថៃ ដើម្បីមកផ្គត់ផ្គង់ជូនប្រជាពលរដ្ឋខេត្ត​កោះ​កុងឱ្យបានឆាប់។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជិត ១៤០០០​នា​ក់​ មកពីរោងចក្រសហគ្រាស ចំនួន ៧  នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹ​ទ្ធិ​ស័​ក​ ព.ស ២​៥​៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិត​នៅ​​ភូមិ​នាង​កុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្ដេចតេជោមានប្រសាសន៍ថា  បញ្ហា​ប្រឈមរបស់ខេត្តកោះកុងនាពេលនេះ គឺខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់នេះជាបញ្ហា ព្រោះថា​នៅ​ខេត្តកោះកុងនេះប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋវារីង​ហួត​អ​ស់​។ ដូច្នេះយើងកំពុងតែសាងសង់ហើយ ដែលអនុញ្ញាតឱ្យលោក ឧកញ្ញា លី យុងផាត់ ទទួល​សា​ង​សង់សម្រាប់ផ្គត់ផ្គង់ទឹកស្អាតរយៈពេលវែង ប៉ុន្តែយើងត្រូវការពេលវេលា ប៉ុន្តែ​ឥឡូ​វ​ទឹកនេះអាចផ្គត់ផ្គង់ក្នុងកម្រិតណាមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា ថ្ងៃ នេះខ្ញុំ​បាន​ទទួលព័ត៌មានពី សម្ដេចពិជ័យ សេនា ទៀ បាញ់ ថា បានទាក់ទងជាមួយខេត្តត្រាតរបស់​ព្រះ​រា​ជាណាចក្រថៃគេជួយ ផ្គត់ផ្គង់ទឹក។ ដូច្នេះត្រូវរៀបលក្ខណៈសម្បត្តិតបណ្ដាញ​ឱ្យទឹក​ស្អា​ត​​នេះ ធ្វើម៉េចឱ្យខាងតែបាន ដើម្បីកុំឱ្យអ្នកកោះកុងគ្មានទឹកប្រើប្រាស់ ហើយត្រូវរកវិធីទាញ​ទឹក​​ពីប្រទេសថៃ មកចូលក្នុងប្រទេសរបស់យើង ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់​ទ​ម្រាំ​​​មានភ្លៀងធ្លាក់។

សម្ដេចតេជោបានលើកឡើងថា  ដែលតាមធម្មតាតំបន់មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់លឿនជាងតំបន់ដទៃ ក៏ប៉ុន្តែការប្រែប្រួលអាកាសធាតុនៅឆ្នាំនេះគឺវាលំបាក។ ដូច្នេះ​ត្រូវជំរុញពន្លឿននៃការសាង់សង់តំបន់ដែលត្រូវធ្វើការវិនិយោគទាញទឹកយកមកផ្គត់ផ្គង់ជូនប្រជា​ពលរដ្ឋ ហើយត្រូវធានាថា ទីក្រុងទាំងអស់មិនត្រូវខ្វះខាតទឹកស្អាតប្រើប្រាស់នោះទេ។ ខ្ញុំសូ​មថ្លែ​ងអំណរគុណចំពោះព្រះរាជាណាចក្រថៃ ពិសេសខេត្តត្រាត ដែលបានផ្ដល់ទឹកស្អាត​ជួយ​​ផ្គត់ផ្គង់ទឹកមកកាន់ខេត្តកោះកុង។

គួរបញ្ជាក់ដែរថា បើតាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិ​យ​ម បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា នៅខែមេសា និងឧសភា ឆ្នាំ២០១៩នេះ កម្ពុ​ជា​នឹង​ទទួលរងនូវអាកាសធាតុក្តៅខ្លាំង រហូតដល់ជាង៤០អង្សា ដែលបាន​បណ្តាលឱ្យប្រភព​ទឹក​នា​នាមួយចំនួន នៅក្នុងប្រទេសកម្ពុជា មានភាពរីងស្ងួត ធ្វើឱ្យប្រជាជនខ្វះទឹកប្រើប្រាស់។ ក្នុង​នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរណែនាំ និងអំពាវនាវ ឱ្យអាជ្ញាធរ​តាម​មូ​ល​​​ដ្ឋាន និងប្រជាពលរដ្ឋរៀបចំនូវប្រព័ន្ធស្តុកទឹក ក្នុងនោះរួមមានទាំងការជីក​អណ្តូង​​ជា​ដើ​ម​៕

ដោយ ជឹម ណារី