រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធ សហការគ្នាក្នុងដំណើរការ ចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លី ឱ្យរួចរាល់មុនឆ្នាំ២០២១ខាងមុខ

AKP ត្បូងឃ្មុំ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ​ទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស សហការគ្នាក្នុងដំណើរការចុះ​បញ្ជីប័ណ្ណ​កម្មសិទ្ធិដីធ្លី ឱ្យរួចរាល់មុនឆ្នាំ២០២១ខាងមុខ ខណៈបច្ចុប្បន្នបានចុះបញ្ជីរួចហើយ ប្រមាណ ៥.១លាន ក្បាលដី។ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី  ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមាន ប្រសាសន៍ថា ការចុះបញ្ជីប័ណ្ណកម្មសិទ្ធដីធ្លីនេះ គឺមានគោលដៅសំខាន់ណាស់ ដែលក្លាយជា ទុនសម្រាប់ប្រជាពលរដ្ឋ និងរួចផុតពីហានិភ័យនានា ពិសេសដីដែលមានប័ណ្ណកម្មសិទ្ធិ និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានតម្លៃខុសគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានលើកជា ឧទាហរណ៍​ថា ពាក់ព័ន្ធទៅនឹងតម្លៃដីនៅខេត្តព្រះសីហនុ ដោយតំបន់នៅក្នុងក្រុង កាលពី១ឆ្នាំ កន្លះមុន ដី១ម៉ែត្រការ៉េតម្លៃ២៧ដុល្លារ បច្ចុប្បន្នដីកន្លែងដដែលនេះ ឡើងទៅដល់៤.៥០០ ដុល្លារ ក្នុង១ម៉ែត្រការរ៉េ។ ដោយឡែកក្នុងខេត្តត្បូងឃ្មុំវិញ តម្លៃដីក៏កំពុងឡើងផងដែរ ក៏ដូច​ជាទូទាំងប្រទេស ព្រោះថា កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណ៧.៥​ភាគរយ និង​ចាត់ទុកជាប្រទេសមានលំដាប់លេខរៀងទី១០ ដែលមានស្ថិរភាពសេដ្ឋកិច្ចយូរ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ដោយអ្នកវិនិយោគខាងក្រៅចូលមកខាងក្នុង​ប្រទេស អ្នកខាងក្នុងសង្ឃឹមលើភាពរឹងមាំខាងស្ថិរភាពនយោបាយកាន់តែល្អប្រសើរ ទាំងពី​ចំណុចនេះបូកបញ្ចូលគ្នា ធ្វើឱ្យជាតិរបស់យើងមានការវិវឌ្ឍរីកចម្រើន ដែលមិននឹកស្មានដល់  ការចុះបញ្ជីដីធ្លី មានគោលដៅយ៉ាងដូចនេះ។ ឯកឧត្តមបានបន្ដទៀតថា ការចុះបញ្ជីនេះ​ គឺដើម្បីកាត់បន្ថយបញ្ហាវិវាទដីធ្លី ព្រោះថាក្រោយចុះបញ្ជី ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវច្បាស់លាស់ ពិសេសប័ណ្ណកម្មសិទ្ធិដីធ្លី ដែលចេញនាពេលនេះ បានដាក់ប្រព័ន្ធQR code គ្រាន់តែយកទូរស័ព្ទមកស្កែន នោះនឹងបង្ហាញទិន្នន័យ ឈ្មោះម្ចាស់កម្មសិទ្ធិ ទំហំ និង ទីតាំងដីច្បាស់លាស់ដោយស្វ័យប្រវត្តិតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ត្រូវបន្តយក​ចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានឱ្យបានដាច់ខាត ដើម្បីជាការរួម​ចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍឱ្យកាន់តែមានភាពរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះអាជ្ញាធរខេត្ត ត្រូវបន្ត យកចិត្តទុក​ដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ កន្លងមកនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍ ការងារជា ប្រចាំដោយបានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមការពារ សន្តិ សុខ សណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្ក្រាបបទល្មើស គ្រប់ប្រភេទ ជាពិសេសតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តឱ្យអនុវត្តន៍តាមជំនាញការងារនីមួយៗយ៉ាង​មានប្រសិទ្ធភាពខ្ពស់៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖ មន្ទីរព័ត៌មានខេត្ដត្បូងឃ្មុំ)