សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវ៉េ ដោយប្រើប្រាស់ថវិការបស់សាធារណរដ្ឋកូរ៉េ

AKP កោះកុង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មា​ន​ប្រសាសន៍ថា ផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុងនឹង​ក្លាយទៅជាផ្លូវហាយវ៉េនាពេលខាងមុខ ដោយប្រើប្រាស់ថវិការបស់សាធារណរដ្ឋកូរ៉េ។ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជិត ១៤០០០​នា​ក់​​ មកពីរោងចក្រសហគ្រាសចំនួន៧ នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹ​ទ្ធិ​ស័​ក​ ព.ស ២​៥​​៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិត​នៅ​​ភូមិ​នាង​​កុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្ដេចតេជោ ថ្លែងថា ផ្លូវជាតិលេខ៤៨​នា​ពេលខាងមុខ នឹងក្លាយទៅជាផ្លូវហាយវ៉េតែម្ដង ដែលយើងនិងប្រើប្រាស់ថវិការ​បស់​សា​ធារ​ណ​រដ្ឋកូរ៉េ ហើយដែលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ប្រធានាធិបតីកូរ៉េខាងត្បូង​ នឹង​មក​បំ​ពេ​ញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយខ្ញុំក៏ត្រូវពិសាបាយមិត្តភាពជាលក្ខណៈគ្រួសារជាមួយ និង​​ប្រធានាធិបតី និងភរិយារបស់គាត់ ហើយថ្ងៃបន្ទាប់ និងធ្វើការចរចាជាមួយគ្នា ព្រម​ទាំ​ង​ធ្វើ​ជា​សាក្សី នៃការចុះហត្ថលេខាលើឯកសារមួយចំនួន និងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយ​គ្នា​ផង​ដែរ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងទៀតថា មហិច្ឆិតារបស់ខ្ញុំ គឺនឹងតភ្ជាប់ផ្លូវពី​ខេត្តកោះ​កុង​​ទៅកាន់ថ្មដា ក្នុងខេត្តពោធិ៍សាត់ និងភ្ជាប់ទៅខេត្តបាត់ដំបង និងព្រមទាំងខេត្ត​ប៉ៃលិ​ន​ផងដែរ។ ដូច្នេះត្រូវមើលឃើញថានយោបាយតភ្ជាប់របស់យើង គឺបានបង្កលក្ខណៈឱ្យ​មាន​កា​រ​កើតឡើងនូវការអភិវឌ្ឍមួយ រួមចំណែកកាត់បន្ថយនូវការធ្វើចំណាកស្រុករបស់​ប្រជា​ព​ល​រដ្ឋ​ក្នុងការស្វែងរកការងារធ្វើ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា តបតាមការ​អញ្ជើ​ញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ឯកឧត្ដម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃ​សាធារ​ណរ​ដ្ឋ​កូ​រ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​​១៦ ខែមីនា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម មូន ចេអ៊ីន នឹងចូល​គា​ល់​ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ច​ក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយនិងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋ​ម​ន្ត្រី​​ ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិប​ត្តិ​កា​រ​​​លើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ​ដែល​ជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹង​អញ្ជើញ​ធ្វើ​ជា​សាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មាន​រួម​គ្នា​។

ឯកឧត្ដម ប្រធានាធិបតី មូន ចេអ៊ីន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏រំពឹង​ថា​នឹង​ អញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឱ្យ ​មាន​​ការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំង​ពីរ​។ ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់ឯកឧត្ដមប្រធានាធិបតី មូន ចេអ៊ីន គឺជា​ព្រឹ​តិ្ត​ការ​ណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹង​ធ្វើ​ឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជ​ម្រៅ​​៕

ដោយ ជឹម ណារី