ឯកឧត្តម ប៉ាន សូរស័ក្ដិ ចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — នៅរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តព្រះវិហារថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ជម្រាបជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ហើយឯកឧត្តមក៏បានបង្ហាញមោទនភាព ចំពោះវឌ្ឍនភាពថ្មីៗនៅក្នុងខេត្តព្រះវិហារ និងភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅ ក្នុងខេត្តនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមក រហូតជំរុញ ឱ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរ ខេត្ដព្រះវិហារ ដែលបានផ្ដល់កិច្ចសហការល្អ និងតែងតែគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការ ចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន សហគ្រាស ការតាមដានស្ថានភាពថ្លៃទំនិញ ការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ការត្រួតពិនិត្យគុណភាពទំនិញ និងឃ្លាំមើលទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្មជាដើម​។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការរវាងមន្ត្រីនៅក្នុងមន្ទីរ ក៏ដូចជាសម្របសម្រួលធ្វើទំនាក់ទំនងខ្សែបណ្តាយ និងទទឹងឱ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវចេះដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗ បន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម ពិសេសសម្រួលដល់ការអភិវឌ្ឍ វិស័យឯកជននៅក្នុងខេត្តព្រះវិហារទាំងមូល និងបានស្នើ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ និង​ខេត្ត​ដទៃទៀត ចូលរួម​អនុវត្ត​ន៍គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច AIMS ដែល​គាំទ្រ​ដោយ​មូលនិធិ​អន្តរជាតិ​អភិវឌ្ឍន៍​កសិកម្ម IFAD ​សំដៅ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជា កសិករ តាមរយៈ​ការតភ្ជាប់​ផលិតកម្ម​ជាមួយ​ទីផ្សារ​ដែលមាន​ស្រាប់ និង​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីផ្សារ​ថ្មី​បន្ថែមទៀត ដើម្បី​ជួយ​អ្នក​ផលិត​ទាំងអស់ អាចធ្វើ​ការលក់​កសិផល និង​ផលិតផល​បាន​កាន់តែច្រើន​។

សូមបញ្ជាក់ថា លោក ផាន់ សំអាង ត្រូវបានធ្វើពិធីប្រកាសតែងតាំងជា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារថ្មី ជំនួសលោក ថោង សាគឿន ដែលត្រូវចូលនិវត្តន៍៕

ដោយ ទិត ស្រ៊