ពិធីផ្សព្វផ្សាយអនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តបាត់ដំបង លើកទី២៧

AKP បាត់ដំបង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ — នៅ ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយ អនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្ត លើកទី២៧ នៅសាលាគណខេត្តបាត់ដំបង ស្ថិតក្នុងបរិវេណ វត្តពោធិ៍វាល ក្រុងបាត់ដំបង ដោយមានការ និមន្ត និងអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមបណ្ឌិត  ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង មន្រីរសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្ត និង មន្ត្រីធម្មការប្រមាណជិត២០០ អង្គ/នាក់ ។

ក្នុងពិធីនោះដែរ ឯកឧត្តម  ប៊ុត គឹមស៊ាន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅ អធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកទាំងអស់ ព្រមទាំងពុទ្ធបរិស័ទដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើង។ ទន្ទឹមនឹងនេះឯកឧត្តម បានសម្ដែងក្តីរីករាយដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជនរួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរព្រះអង្គ។ នៅតាមទីវត្តអារាមលោកតាជី លោកយាយជី លោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យនិងបានជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើល្អដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។

ឯកឧត្តមអភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តបានផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តបាត់ដំបង អំពីផលលំបាកនៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោកទាំងអស់គ្នា ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)