យុវជនកម្ពុជាចំនួន១០រូប មកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ -តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ ផ្នែក នយោបាយចំនួន១០រូបនឹងមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៣ ដល់២០ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន​ប្រចាំនៅ​កម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន យុវជនទាំងនេះ នឹងធ្វើដំណើរទៅខេត្ដ មីយ៉ាហ្គិ ហើយជួបជាមួយអាជ្ញាធរទទួលបន្ទុកស្តារឡើងវិញ តំបន់​ដែលបានទទួល​រងគ្រោះរញ្ជួយដីដ៏ធំនៅភាគខាងកើតប្រទេសជប៉ុន និងទីកន្លែងផេ្សងៗពាក់​ព័ន្ធនឹងការការពារបរិស្ថាន ការបង្ការគ្រោះមហន្ដរាយ និងដាំដើមឈើ​ ។ ទន្ទឹមនេះ នៅទីក្រុង    តូក្យូ ក្រុមយុវជនទាំងនេះនឹងធ្វើទស្សនកិច្ចនៅស្ថាប័ននីតិបញ្ញតិ នីតិប្រតិបត្តិ​​ និងតុលាការ និងសងេ្កតមើលដំណើរការបោះឆ្នោតមូលដ្ឋានមួយ។ បន្ថែមលើនេះ យុវជនទាំងនេះនឹង​ទៅធ្វើ​ទស្សនកិច្ចនៅទីកន្លែងល្បីល្បាញ និងសំណង់ប្រវត្ដិ សាស្ដ្រនានានៅតាម​តំបន់នីមួយៗដើម្បីបានយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រទេស​ជប៉ុន។

តាមរយៈកម្មវិធីនេះ ស្ថានទូតជប៉ុនរំពឹងថា យុវជនទាំងកម្ពុជាទាំង១០រូប ដែលនឹងដឹកនាំ​អនាគតនៃប្រទេសកម្ពុជា នឹងឈ្វេងយល់កាន់តែស៊ីជម្រៅអំពីការការពារបរិស្ថាននិងការបង្ការ​គ្រោះមហន្ដរាយ ព្រមទាំងអំពីលទ្ធិប្រជាធិបតេយ្យពហុបក្សជប៉ុន ទុកជាចំណេះដឹង​សម្រាប់​អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា៕

ដោយ អ៊ុន រិទ្ធី