អន្តរក្រសួងពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន លើគម្រោងវិនិយោគអភិវឌ្ឍន៍លើ   វិស័យកសិ-ឧស្សាហកម្ម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — នៅទីស្តីការក្រសួង ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញដំបូងលើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យ កសិ-ឧស្សាហកម្មដាំ (ដំណាំកៅស៊ូ)។ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងវិនិយោគអភិវឌ្ឍន៍ លើវិស័យកសិ-ឧស្សាហកម្មដាំ (ដំណាំកៅស៊ូ)លើផ្ទៃដីទំហំ ២.៥៤៩,៦០ហិកតា ក្នុងភូមិសាស្រ្តឃុំដំរីផុង ស្រុកឆ្លូង និងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ របស់ក្រុមហ៊ុន ដូវទៀង-ខេមបូឌា រ៉ាប់ប៊ើរ ឌីវេឡុបមេន ខមភេនី លីមីធីត ដែលបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អធីអិម ហ្គ្រីន ខនសាល់ធេនស៊ី ឯក។

ប្រភពខាងលើបន្តថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្តុះ   បណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តក្រចេះ តំណាងអង្គការសង្គមស៊ីវិល តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា បន្ទាប់ពីមានការជជែក និងពិភាក្សាគ្នា កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖ ១-គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ ។ ២-រៀបចំផែនការគ្រប់គ្រង និងប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មតាមបរិមាណ និងបច្ចេកទេសដែលអនុញ្ញាតដោយក្រសួងជំនាញ ។ ៣-ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់បាវជីគីមី ដបថ្នាំកសិកម្ម និងថង់ប្លាស្ទិក ជាដើម។ ៤-ក្រុមហ៊ុនត្រូវចូលរួមការពារព្រៃឈើរក្សាទុកតាមមាត់អូរ និងត្រូវដាំដើមឈើឡើងវិញក្នុងករណីក្រុមហ៊ុនមានការឈូសឆាយបំពាន។ ៥-ក្រុមហ៊ុនត្រូវចូលរួមថែរក្សាការពារប្រព័ន្ធអូរធម្មជាតិ និងគុណភាពទឹកអូរនៅក្នុងតំបន់គម្រោង។ ៦-ក្រុមហ៊ុនត្រូវសហការល្អជាមួយអាជ្ញាធរ និងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន៕

ដោយ ពេជ្រ ណារិទ្ធ