រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបញ្ជាក់ថា ស្ត្រីកម្ពុជាបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ស្របពេល ដែលប្រទេសកម្ពុជា បាន និងកំពុងរីកចម្រើន ការផ្តល់សិទ្ធិដល់ស្ត្រី ក៏មានភាពរីកចម្រើន ផងដែរ។ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ត្រីកម្ពុជាបានក្លាយជាកម្លាំងចលករ យ៉ាង សំខាន់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឱ្យកំណើនសេដ្ឋកិច្ច ជាតិជាង៧ភាគរយក្នុងមួយឆ្នាំ។ លោកជំទាវ អ៊ឹង កន្ថាផាវី បានបញ្ជាក់ទៀតថា មានកម្លាំងស្ត្រីជាង៦០ភាគរយ បាន និងកំពុងបម្រើក្នុងនៅក្នុងវិស័យទេសចរណ៍។ ការលើកឡើងបែបនេះ ខណៈដែលលោកជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវានារី អន្តរជាតិ៨មីនា កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលាខណ្ឌដង្កោ។

លោកជំទាវរដ្ឋមន្ត្រីកិច្ចការនារី ក៏បានអំពាវនាវឱ្យស្ត្រីទាំងអស់ ត្រូវចេះប្រើប្រាស់ សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោកជំទាវក៏លើកទឹកចិត្តឱ្យ ស្ត្រីគ្រប់រូបត្រូវខិតខំសិក្សា ឈ្វេងយល់ឱ្យបានកាន់តែច្រើន កុំឱ្យមានជម្លោះនៅក្នុងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ ផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា សមាជិករដ្ឋសភា បានមាន ប្រសាសន៍ថា ដោយបច្ចុប្បន្ននេះ ស្ត្រីមាននាទីនៅគ្រប់ស្ថាប័នទាំងអស់។ ឯកឧត្តម រំពឹងថា តួនាទីរបស់ស្ត្រីនៅប្រទេសកម្ពុជានឹងកាន់តែច្រើនឡើងបន្ថែមទៀត៕

ដោយ សួស សំរិត