ឯកឧត្ដម ទេព ធន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម ទេព ធន រដ្ឋលេខាធិការក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីបានអញ្ជើញជាអធិបតីក្នុងសិក្ខា សាលាស្តីពីនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទដីធ្លីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការសុរិយោដីថ្នាក់ជាតិ លេខាធិការដ្ឋាន គ.ស.ជ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ និងមានសមាភាពចូលរួមមកពីក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងខេត្តក្រចេះចំនួន៨០ រូប ក្នុងគោល បំណងដើម្បីផ្តល់ចំណេះដឹងដល់ពួកគាត់ ក្នុងការសម្រុះសម្រួលនូវវិវាទដីធ្លី គឺនាំគូភាគីឱ្យជួប គ្នា និងជួយភាគីក្នុងការស្វែងរកដំណោះស្រាយ ឈានទៅរកការព្រមព្រៀងគ្នា ដើម្បីបញ្ចប់ វិវាទរបស់ពួកគេ ស្ថានភាពរបស់គូភាគី គឺឈ្នះឈ្នះ និងគ្មានការបង្ខិតបង្ខំគូភាគី ឱ្យទទួល យកសេចក្តីសម្រេចណាមួយឡើយ លើកលែងតែសេចក្តីសម្រេចដោយស្ម័គ្រចិត្ត របស់ពួកគាត់។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យ ដឹងថា សម្រាប់លទ្ធផលនៃការដោះស្រាយវិវាទទូទាំងប្រទេសចាប់ពីថ្ងៃដំណើរការរហូត ដល់ខែកុម្ភៈ ឆ្នាំ២០១៩ យើងបានទទួលពាក្យបណ្តឹងចំនួន ៨,៤៧៧ ករណី ដោះស្រាយតាម នីតិវិធីចំនួន ៧,៥៩៨ ករណី ក្នុងនោះដោះស្រាយចប់ចំនួន ៣,៩៨៦ ករណី ច្រានចោលពាក្យ បណ្តឹងចំនួន ២,៧៣០ករណី និងដកពាក្យបណ្តឹងចំនួន ៨៨២ករណី ស្មើនឹង ៩៨,៦៣ភាគរយ កំពុងដោះស្រាយបន្តចំនួន ៨៧៩ ករណី ស្មើនឹង ១០,៣៧ភាគរយ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើការដោះស្រាយ បញ្ហាទំនាស់ដីធ្លី និងបានពង្រឹកនូវនីតិវិធីដល់មន្រ្តីថ្នាក់ក្រោមជាតិ ក្នុងការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋឱ្យប្រកប ដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមនីតិវិធី ពោលគឺ ត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយនូវវិវាទដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានទោះក្នុងករណីណា ឬត្រូវប្រើកម្លាំង និងធនធានប៉ុន្មានក៏ដោយ។ ដូច្នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ មានតួនាទីភារកិច្ចក្នុងការចូលរួមសហការជាមួយស្ថាប័ន និងអង្គភាពមាន សមត្ថកិច្ច ក្នុងការគ្រប់គ្រង់ ទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួនរាល់ករណីដែលទំនាស់ដីធ្លីកើតមានឡើង៕

ដោយ ជួន សុជាតិ