រាជរដ្ឋាភិបាលកម្ពុជាបានកម្ទេចចោលនូវផលិតផលក្លែងក្លាយខុសច្បាប់ជាង៧០តោន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ចំនួន ជាង៧០តោន បន្ទាប់ពីបានធ្វើការរឹបអូសក្នុងពេលដែលផលិតផលទាំងនោះចរាចរនៅលើ ទីផ្សារ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា ផលិតផល ក្លែងក្លាយខុសច្បាប់ដែលត្រូវបានដុតកម្ចេចចោលនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ មានដូចជា៖ ថ្នាំពេទ្យចំនួន១០៦មុខ ទឹកសុទ្ធម៉ាក Evain, Saint amand, Montcalm ចំនួន៥.៥២០កេស និងជីកសិកម្មចំនួន៧.៨៥០គីឡូក្រាម ខណៈដែលវត្ថុតាងជាច្រើន តោនទៀតកំពុងបន្តនីតិវិធីនៅតុលាការ ដើម្បីឈានដល់ការកម្ទេចចោលជាបន្តបន្ទាប់ទៀត នៅពេលណាការជំនុំជម្រះត្រូវបានបញ្ចប់រួចរាល់។

ថ្លែងនៅក្នុងពិធីកម្ទេចចោលនូវផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះ ឯកឧត្តម បានបញ្ជាក់ថា ដរាបណាសកម្មភាពខុសច្បាប់បំផ្លាញសុខភាព សុខុមាលភាព និងសុវត្ថិភាពសង្គមនៅតែបន្ត ដរាបនោះគណៈកម្មាធិការ នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមានការលើកលែង រឺក៏បន្ធូរបន្ថយជាដាច់ខាត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់គណៈកម្មាធិការជំនាញនេះ បន្តយកចិត្តទុកដាក់ជាអាទិភាពលើផលិត ផលដូចជា៖ ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ និងភេសជ្ជៈ ជាដើមនេះ ដែលប្រជាពលរដ្ឋតែងតែត្រូវការប្រើប្រាស់ និងទទួលទានរាល់ថ្ងៃ។

សម្តេចក្រឡាហោម បានអំពាវនាវដល់សាធារណជនចូលរួម និងសហការ ផ្តល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយ ផលិតផលក្លែងក្លាយដែលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ដើម្បីឈានទៅធ្វើការបង្រ្កាបឱ្យបាន ទាន់ពេលវេលា។ សម្តេចក្រឡាហោមសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នឹងបន្តការខិតខំព្យាយាម និងរួមសហការគ្នាជាមួយគណៈកម្មាធិការក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ផលិតផលក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា ដើម្បីថែរក្សាសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចចម្រុះដឹកនាំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើប្រតិបត្តិការ ចាប់ឃាត់ នូវផលិតផលក្លែងក្លាយខុសច្បាប់ ដែលផលិត ស្តុកទុក និងចែកចាយ បានចំនួន២០ករណី មានដូចជា៖ ការនាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្ម សិទ្ធិបញ្ញា បង្ក្រាបទីតាំងផលិតប្រេង ម៉ាស៊ីនក្លែងក្លាយខុសច្បាប់ បង្ក្រាបទីតាំងចែក ចាយជីកសិកម្មក្លែងក្លាយ-ខុសច្បាប់ បង្រ្កាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់ បង្រ្កាបទីតាំងសាច់ប៉ាតេ មិនអនុលោមតាមច្បាប់ បង្រ្កាបសិប្បកម្ម ផលិតម្រេច និងកាហ្វេ ក្លែងក្លាយខុសច្បាប់ជាដើម៕

ដោយ ងិន សុផល