មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រៀបចំបើកការប្រកួតកីឡាសិស្សបឋមមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — មន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុរៀបចំបើកការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០១៨-២០២៩ នៅសាលា សកលវិទ្យាល័យជីវិត ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ក្រោមអធិបតីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច  សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ការប្រកួតកីឡាសិស្ស បឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំង ខេត្តសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញរាល់ការ ប្រកួត កីឡា គឺជាកត្តាផ្សារភ្ជាប់នូវការទំនាក់ទំនងសាមគីភាព មិត្តភាព ជាពិសេសការផ្លាស់ប្តូរ នូវបទពិសោធន៍ នៃកម្រិតបច្ចេក ទេសពីក្រុមមួយទៅក្រុមមួយ ដើម្បីវាយតម្លៃប្រមូលផ្ដុំជ្រើស រើសកីឡាករល្អ ដើម្បីទៅចូលរួមប្រកួតថ្នាក់ជាតិនៅពេលខាងមុខ។ ការប្រកួតមានការចូល រួមពីកីឡាករមកពីក្រុង និងស្រុក៣ របស់ខេត្តព្រះសីហនុ មានកីឡាករសរុបចំនួន ២៦៦នាក់ ស្រី ៤៥នាក់ លើវិញ្ញាសាបាល់ទាត់ បាល់ទះ បាល់បោះ សី ប៊ូល ប៉េងប៉ុង។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ដ មានប្រសាសន៍បើកការប្រកួតកីឡា សិស្សបឋមសិក្សា មធ្យមសិក្សាជ្រើស រើសជើងឯកប្រចាំឆ្នាំ២០១៨-២០១៩ថា វិស័យអប់រំ កាយ និងកីឡា មានសន្ទុះ កើនឡើងទាំងបរិមាណ  និងគុណភាពគួរជាទីចាប់អារម្មណ៍ ដល់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន។ វិស័យកីឡា គឺជាសមាស ភាពមួយក្នុងចំណោមសមាសភាពអប់រំកាយមិនអាចខ្វះបាន ទាំងសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញារបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ការចូលរួមលេងកីឡានាំមកនូវ សុខភាព មិត្តភាព និងការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នា ទៅវិញទៅមក និងចៀសឆ្ងាយពីគ្រឿងញៀន។

លោកស្រីបន្តថា ការប្រកួតកីឡា គឺជាការរួមចំណែកជាវិជ្ជមានក្នុងការធ្វើឱ្យ មានការរីកចម្រើនលើវិស័យអប់រំកាយ និងកីឡា ដើម្បីជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា ក្នុងន័យ ចូលរួមចំណែកអនុវត្តន៍នូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល លើវិស័យកីឡា សំដៅធ្វើឱ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនទាំងបរិមាណ គុណភាព និងទទួលបានលទ្ធផលល្អក្នុងការប្រកួត គ្រប់លំដាប់ថ្នាក់ សំដៅត្រៀមលក្ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។

លោកស្រីបន្តថា ការប្រកួតកីឡាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨-២០១៩  ផ្ដល់អត្ថប្រយោជន៍បន្ថែមទៀត លើវិស័យកីឡា និងទទួលបានបទពិសោធន៍បច្ចេកទេសថ្មីៗ នឹងនាំមកនូវចំណេះដឹង សាមគ្គីភាពរវាងកីឡាក្រុមនីមួយៗមានភាពស្និទ្ធស្នាលបន្ថែមទៀត ព្រមទាំងផ្តាំផ្ញើដល់កីឡាករ កីឡាការិនី យកចិត្តទុក ដាក់អនុវត្តន៍តាមគោលការណ៍បច្ចេក ទេសឱ្យបានត្រឹមត្រូវ តាមបទបញ្ជានៃការប្រកួតរបស់អាជ្ញាកណ្ដាលប្រកប ដោយសុក្រឹត មិនមានភាពលំអៀង កីឡាករ ត្រូវគោរពវិន័យ ក្រមសីលធម៌ មានសាមគ្គី ជាមិត្តភាព ភាតរភាព សមភាព ចេះយោគយល់អធ្យាស្រ័យគ្នាទៅ វិញទៅមក ឈានទៅយកជ័យជម្នះ ជូនក្រុមរៀងៗខ្លួន៕

ដោយ ងូ សុមុនី