ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន សេង ក្រើនរម្លឹកកងទ័ពបង្កើនកិច្ចការពារ​បូរណភាពទឹកដីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងជួយដល់ប្រជាពលរដ្ឋ​

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩​​ — រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន សេង បានក្រើនរម្លឹក​ដល់កងទ័ពឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល​ស្របច្បាប់និងជួយដល់ប្រជាពលរដ្ឋឱ្យពួកគាត់រស់នៅដោយ សុខដុមរមនាសុខសាន្តដែល​កន្លងមកយើងតែងធ្វើជាប្រចាំ រាល់មានបញ្ហាកើតឡើងដូចជា គ្រោះធម្មជាតិ គ្រោះរាំងស្ងួតជាដើមនោះ។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ុន សេង អញ្ជើញប្រកាស តែងតាំងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ដែលទទួលភារកិច្ចថ្មីជាមេបញ្ជាការ រងយោធភូមិភាគទី៥ កាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ឆ្នាំ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះនៅសាលាខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ប៊ុន សេង​ បាន​កោត​សរសេរ​ពី​ការដឹកនាំ របស់​មេបញ្ជាការ​ចាស់ ដែល​បាន​សាងស្នាដៃកន្លងមក។ ក្នុងនោះឯកឧត្តមក៏បានសំណូមពរមេបញ្ជាការដែលទើបចូលកាន់ តំណែងថ្មីត្រូវរួមគ្នាបន្តរក្សាសមិទ្ធផលដែលមានស្រាប់និងអភិវឌ្ឍន៍បន្ថែមជាពិសេសលើកិច្ចការពារបូរណភាពទឹកដីរក្សាឱ្យ​បាននូវ​សន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គម ហើយម្យ៉ាងទៀតត្រូវ ចេះគិតគូរ ពីសុខទុក្ខរបស់កងកម្លាំងរបស់ខ្លួន។

ជាមួយគ្នានេះឯកឧត្តម ប៊ុន សេង ក៏បានលើកឡើងថាបន្ទាប់ពីការពារបូរណភាពទឹកដី​របស់យើងបានហើយ យើងត្រូវជួយប្រជា​ពលរដ្ឋ។ ទន្ទឹមនិងនោះដែរឯកឧត្តម ​​ក៏បានផ្តាំ ផ្ញើឱ្យកងកម្លាំងទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យើងនៅទីណាកន្លែងណាក៏ដោយ ត្រូវបន្តការគាំទ្រផ្តល់នូវទំនុកចិត្ត ផ្តល់នៅជំនឿជឿជាក់ ដល់ប្រជា​ពលរដ្ឋយើង ដែលនេះជាភារកិច្ចស្នូលបំផុតរបស់យើង។

លោកឧត្តមសេនីយ៍ត្រីជឹមប៊ុនអានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យថ្មី បានធ្វើការប្ដេជ្ញាចិត្ត ស្មោះត្រង់ចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល និង អនុវត្តន៍ឱ្យខាងតែបានទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំព្រមទាំងសាមគ្គីភាពផ្ទៃក្នុងនឹងជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសលើភារកិច្ចការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ​៕

ដោយ ឈុន សារ៉ាត