អនុប្រធានក្រុមប្រឹក្សាផ្លាស់ប្ដូរមិត្តភាពអន្តរជាតិជប៉ុន កត់សម្គាល់ពីការផ្លាស់ប្ដូរ និងការអភិវឌ្ឍជាវិជ្ជមាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម Norio Yamaguchi អនុប្រធានក្រុមប្រឹក្សាផ្លាស់​ប្ដូរមិត្តភាពអន្តរ​ជាតិ​​ជ​ប៉ុ​ន បានមានប្រសាសន៍កត់សម្គាល់នូវការផ្លាស់ប្ដូរ និងការអភិវឌ្ឍជាវិជ្ជមាន និងឆាប់រហ័ស​របស់​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​ក​ម្ពុ​​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Norio Yamaguchi និងគណៈប្រតិភូចូលជួបសម្ដែង​ការគួរ​ស​ម​ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដមអនុប្រធានក្រុមប្រឹ​ក្សា​​​ផ្លា​ស់​​ប្ដូរមិត្តភាពអន្តរជាតិជប៉ុន មានប្រសាសន៍ជម្រាប ជូនសម្ដេចតេជោថា រយៈពេល​បីឆ្នាំ​កន្ល​ង​​មក បន្ទាប់ពីឯកឧត្ដមបានមកកាន់ប្រទេសកម្ពុជា កាលពីបីឆ្នាំមុននោះ ឯកឧត្ដមបានឃើញ​យ៉ា​ង​ច្បាស់នូវការផ្លាស់ប្ដូរ និងការអភិវឌ្ឍជាវិជ្ជមាន និងឆាប់រហ័សរបស់ព្រះរាជា​ណាចក្រ​កម្ពុ​ជា​។ ឯកឧត្ដមបានសម្ដែងអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបាន​អនុ​ញ្ញា​តឱ្យឯកឧត្ដម និងគណៈប្រតិភូអ្នកវិនិយោគ របស់ជប៉ុនបានចូលជួបនាពេលនេះ។

ឯកឧ​ត្ដ​ម​ក៏​បាន​កត់សម្គាល់ឃើញផងដែរថា ក្នុងរយៈពេលបីឆ្នាំមកនេះ អាទិភាពរបស់ រាជរដ្ឋាភិបាល​កម្ពុ​ជា​ គឺនៅតែដូចគ្នា ប៉ុន្តែមានការផ្លាស់ប្ដូរពីអាទិភាព​ធនធានមនុស្សមកជា អាទិភាព​ទីមួ​យ​វិ​ញ​។ ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា អ្នកវិនិយោគជប៉ុនបានមក​កា​ន់​កម្ពុជា ហើយកំពុងតែធ្វើការវិនិយោគនៅកម្ពុជានេះ គឺបានទទួលនូវការអបអរសាទរ​យ៉ាង​ខ្លាំ​ង ហើយក៏សូមសម្ដែងអំណរគុណផងដែរ ចំពោះសម្ដេចតេជោ ដែលបានជួយដល់​អ្នកវិ​និ​យោគ​ទាំ​ងអស់នោះ។

ឯកឧត្ដមបានមានប្រសាសន៍ថា ឯកឧត្ដមបានជួបជាមួយប្រធានសមា​គម​​ពាណិជ្ជកម្មជប៉ុននៅកម្ពុជា ហើយបានទទួលព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ជួយ​ដ​ល់​អ្នកវិនិយោគយ៉ាងច្រើន ពិសេសការនាំចេញ នាំចូលនៅតាមព្រំដែន ដោយសម្រួលនិង​កាត់​បន្ថយបែបបទមួយចំនួន ធ្វើឱ្យដំណើរការវិនិយោគ និងឆ្លងកាត់តាមព្រំដែនក្នុងការនាំ​ចេ​ញ​ នាំចូលនោះ មានតម្លាភាពជាទីបំផុត។ ឯកឧត្ដម Norio Yamaguchi បានបន្តថា សព្វថ្ងៃ​នេះ​ប្រទេសជប៉ុន ជាពិសេសអ្នកវិនិយោគជប៉ុនធុនតូច និងធុនមធ្យម កំពុងតែរកឱកាសដើម្បី​មក​វិនិយោគនៅក្រៅប្រទេស ដោយសារមូលហេតុសេដ្ឋកិច្ចនៅប្រទេសជប៉ុន។

ក្នុងន័យនេះ ឯក​ឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា មេត្តាធ្វើយ៉ាង ណាបន្តគាំទ្រ និងទទួ​ល​​ស្វាគមន៍វិនិយោគជប៉ុន ដែលកំពុងវិនិយោគ និងស្វែងរកឱកាសមក វិនិយោគនៅក្នុងព្រះ​រា​ជា​ណាចក្រកម្ពុជា។ ឯកឧត្ដម Norio ក៏បានស្នើសុំការឈ្វេងយល់អំពី ទស្សនៈរបស់​សម្ដេ​ច​តេ​ជោ​នាយករដ្ឋមន្ត្រីផងដែរ មុននឹងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី២៩ ខែ​មី​នា ឆ្នាំ២០១៩ខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្ដម Norio Yamaguchi និងគណៈប្រតិភូថា ជាការពិតណាស់អាទិភាពរបស់កម្ពុជាគឺនៅដដែលទេ ប៉ុន្តែការបណ្ដុះ​ប​ណ្ដា​លធនធានមនុស្ស​គឺជាអាទិភាពចម្បងលើកនេះ ហើយសម្ដេចបានបញ្ជាក់ថា អ្វីដែល​ជា​កិច្ច​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីធ្វើ​យ៉ា​ង​ណាឱ្យកំណើនបន្តកើនឡើង ជាង៧ភាគរយក្នុងមួយឆ្នាំ។ ជាមួយនឹងកិច្ចប្រឹងប្រែងនេះ រាជ​រដ្ឋាភិ​បា​លបានដំឡើងប្រាក់បៀវត្សរ៍ដល់បុគ្គលិក កម្មករ និយោជិត ក៏ដូចជាមន្ត្រីរាជការ ផងដែរ។ ជាង​នេះ​ទៀត កំពុងតែធ្វើការយ៉ាងណាឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានការប្រកួត ប្រជែង ជាពិសេស​តាម​​រយៈ ការធ្វើកំណែទម្រង់ តាមបាវចនារបស់រាជរដ្ឋាភិបាល នោះគឺកែទម្រង់ផ្ទៃក្នុង និងព​ង្រឹ​​ង​ទំនាក់ទំនងខាងក្រៅ ជាមួយនឹងអភិក្រមទាំងប្រាំ និងកំណែទម្រង់សេដ្ឋកិច្ច សម្អាត​បញ្ហា​ទាំង​ឡាយ ដើម្បីឱ្យក្លាយទៅជាផ្លូវសម្រាប់ ការវិនិយោគ សម្រាប់វិនិយោគិន​ធ្វើដំណើរឱ្យ​មាន​ផលចំណេញ និងរលូន។

សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា អំពី​កំណែទម្រង់​មួយ​ចំនួនដើម្បីឱ្យ សេដ្ឋកិច្ចកម្ពុជាមានការប្រកួតប្រជែង ដូចការកាត់បន្ថយតម្លៃអគ្គិសនី ការ​ដក​តួនាទីកាំ កុងត្រូលចេញពីច្រកព្រំដែន និងការរំលាយចោលអង្គភាពកាំសាប ទាំងនេះសុទ្ធ​សឹង​​តែជាការកែទម្រង់ ដើម្បីសម្រួលដល់ការវិនិយោគឱ្យមានប្រសិទ្ធភាព។

ឯកឧត្ដម Norio Yamaguchi និងគណៈប្រតិភូបានស្វាគមន៍ និងថ្លែងអំណរគុណជូន​ចំពោះ​សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានស្នើសុំឱ្យសម្ដេចតេជោ មេត្តាជម្រាបជូនអ្នកវិនិ​យោ​គទាំងអស់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុនខនេះនៅក្នុងវេទិការ​វាងរាជរដ្ឋាភិ​បា​ល​ និងវិស័យឯកជន ហើយក៏បានស្នើសុំឱ្យសម្ដេចតេជោមេត្តាជម្រាបជូនអ្នកវិនិយោគិនជប៉ុន ក្នុងពេលដែយសម្ដេចជួបអ្នកវិនិយោគិនជប៉ុន ក្នុងខែឧសភាខាងមុខនេះផងដែរ ដោយធ្វើ យ៉ាង​ណា​ឱ្យពួកគាត់បានយល់ពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ និងអ្វីដែលជាការ ពេញចិត្ត និ​ង​​លើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ជឹម ណារី