ភោជនីយដ្ឋានដំណាក់រាជសីហ៍នៅខេត្តសៀមរាប ទទួលទិញបន្លែ និងសាច់ធម្មជាតិពីសហគមន៍កសិកម្មក្នុងតម្លៃខ្ពស់

AKP សៀមរាប ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ — សហគមន៍កសិកម្មកម្ពុជាតាមរយៈអង្គការហេហ្វឺកម្ពុជា កាលពីរសៀលថ្ងៃទី​១១ ខែមីនា ឆ្នាំ២០១៩ បាន​ចុះកិច្ច​ព្រមព្រៀងជាមួយភោជនីយដ្ឋានដំណាក់រាជសីហ៍ នៅខេត្ត សៀមរាប ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាព សាច់ មាន់ស្រែ ទាស្រែ និងស៊ុត ដែលផលិតដោយ កសិករខ្មែរទៅឱ្យភោជនីយដ្ឋានមួយនេះជាប្រចាំថ្ងៃ។លោក​ អេង សារី ម្ចាស់ភោជនីយដ្ឋានដំណាក់រាជសីហ៍បានឱ្យដឹងថា ភោជនីយដ្ឋាន របស់លោកនឹងបញ្ជា​ទិញ​មាន់ស្រែ ទាស្រែ និងស៊ុត ដែលផលិតដោយកសិករខ្មែរជុំវិញ ខេត្តសៀមរាបតាម​រយៈសហគមន៍កសិកម្ម ដែលគាំទ្រដោយអង្គការហេហ្វឺ​អន្តរជាតិកម្ពុជា។ លោកបានបន្តថា កន្លងមកភោជនីយដ្ឋានរបស់លោកបានបញ្ជាទិញ បន្លែ ផ្លែឈើសុវត្ថិភាព​របស់​កសិករ​ខ្មែរ ​តាម​រយៈអង្គការអាគ្រីស៊ុតកម្ពុជា និងអង្គការផ្សេងៗទៀត។

លោកបញ្ជាក់​ថា ​មូលហេតុដែលលោកប្រើប្រាស់​បន្លែផ្លែឈើ ត្រីសាច់សុវត្ថិភាព ទាំងនេះ គឺដោយសារលោកចង់ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ដែលមានសុវត្ថិភាព របស់បងប្អូនកសិករក្នុងស្រុក និងដើម្បីធានាសុខភាពសម្រាប់បងប្អូនអតិថិជនដែលមក ពិសាអាហារនៅភោជនីយដ្ឋានដំណាក់រាជសីហ៍នេះ។ រីឯតម្លៃបន្លែសាច់ដែលលោក ទទួលទិញពីកសិករផ្ទាល់នេះក្នុងតម្លៃមួយថ្លៃជាង​បន្លែសាច់ទូទៅ។

លោក​ស្រី កែវ គៀង ប្រធានអង្គការហេហ្វឺកម្ពុជា បានមានប្រសាសន៍ថា ការចុះហត្ថ លេខា​​លើ​អនុស្សរណៈនេះ គឺ​បង្ហាញពីដំណើរវិវត្តន៍មួយជំហានទៀត ក្នុង​ការ​លើក​ស្ទួយ​កសិផល​ខ្មែរ​ និងការគិតគូរដល់ សុខភាពរបស់អ្នកបរិភោគ។ លោកស្រីបានបន្តថា ការទទួលទិញបន្លែសាច់មានសុវត្ថិភាពពីប្រជាកសិករដោយផ្ទាល់របស់ភោជនីយដ្ឋានដំណាក់រាជសីហ៍នៅពេលនេះ ប្រៀបបានដូចជា ការបង្កើតឱ្យមានទីផ្សារ​របស់​សហគមន៍​កសិករ​មួយ​​កន្លែងទៀតផងដែរ។​ ប្រសិនបើមានភោជនីយដ្ឋានកាន់តែច្រើនទៀតជួយ ទទួលទិញកសិផលរបស់ខ្មែរ ​ដែលផលិតស្របតាមស្តង់ដារការអនុវត្តកសិកម្មល្អ(GAP) និងសរីរាង្គកាន់តែច្រើននោះ មានន័យថា ជួយលើកកម្ពស់ផលិតផល និងជីវភាពកសិករខ្មែរ និងជួយដល់សុខភាពអ្នកបរិភោគនូវអាហារដែលគ្មានជាតិពុល។​

លោកស្រីបាន​បញ្ជាក់ថា កន្លងមក​មានកសិករខ្លះបាន​ព្រមព្រៀងក្នុងការផលិត បន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ ទា តាមបែបធម្មជាតិសម្រាប់ផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន ឬសណ្ឋាគារ ប៉ុន្តែពួកគាត់មិនទាន់អាចទទួលបាន​ជោគជ័យ ដោយសារការផលិតរបស់មិន គ្រប់គ្រាន់។ ប៉ុន្តែសម្រាប់សហគមន៍កសិកម្មកម្ពុជា ដែលបាន​ព្រមព្រៀងក្នុងការផលិត បន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ ទា តាមបែបធម្មជាតិផ្គត់ផ្គង់ដល់ភោជនីយដ្ឋាន មួយដំណាក់រាជសីហ៍ នៅថ្ងៃនេះ គឺអង្គការហេហ្វឺកម្ពុជា និងតាមជួយគាត់រហូតទទួលបាន ជោគជ័យទាំង​បច្ចេកទេស និងជំនួយថវិកា។

លោកស្រីបន្តថា មកដល់បច្ចុប្បន្ន អង្គការហេហ្វឺអន្តរជាតិកម្ពុជា បានកំពុងធ្វើការគាំ ទ្រដល់ កសិករក្រីក្រចំនួនជាង៤០.០០០ គ្រួសារ និងសហគមន៍កសិកម្មចំនួន ៦៤ នៅក្នុងខេត្តចំនួន១២ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើការលើកកម្ពស់ ការផលិត មាន់ ទា ជ្រូក និងបន្លែសរីរាង្គជាដើម និងភ្ជាប់ទំនាក់ទំនងទីផ្សារ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់និងឈានទៅរកភាពម្ចាស់ការ និងមាននិរន្តរភាព។ រហូតមកដល់មាន​នេះមាន​ក្រុមហ៊ុន ឬភោជនីយដ្ឋានប្រមាណជា៦កន្លែងហើយ ដែលបាន​ចុះកិច្ចព្រមព្រៀងទទួលទិញបន្លែ សាច់ ធម្មជាតិពីសហគមន៍កសិកម្មកម្ពុជា។

លោក ស៊ឹម សុខលីន ប្រជាកសិករមកពីស្រុកស្ទោង ខេត្តកំពង់ធំ បាន​ឱ្យដឹងថា កាលពីមុនលោកបាន​ចិញ្ចឹមមាន់ ទា លក់តាមធម្មតា ប៉ុន្តែមិនសូវបានជោគជ័យសោះដោយ ពេលមានមាន់ច្រើនឈ្មួញឱ្យតម្លៃថោក ប៉ុន្តែនៅពេលលោកបាន​ចូលជាសមាជិកសហគមន៍កសិកម្មឃើញថា ទទួលប្រាក់ចំណូលបានខ្ពស់ជាង​មុនដោយសារមាន់ទារបស់គាត់លក់បានក្នុងត​ម្លៃមួយថ្លៃ ហើយឋេរទៀតផង។ លោក មានការសប្បាយចិត្តជាខ្លាំងនូវពេលរបររបស់គាត់អាចទៅមុខបានរលូនជាងមុន៕

ដោយ ឃុត សៅ