រដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអាជ្ញាធរ ក្រុង ខណ្ឌ សង្កាត់ ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ -ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាលខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ និងជំរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា បញ្ហាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់គឺជារឿងសំខាន់មួយដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាទៅតាមការដាក់ចេញរបស់ក្រសួងមហាផ្ទៃ ទប់ស្កាត់រាល់អំពើចោរកម្ម ចោរលួច ចោរប្លន់ ដោយត្រូវដាក់កម្លាំងនៅតំបន់ដែលមានបញ្ហា ដូចជា ការជួញដូរមនុស្សត្រូវតែយកចិត្តទុកដាក់ដើម្បីទប់ស្កាត់លើបញ្ហានេះផងដែរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង។

ឯកឧត្ដមបានបញ្ជាក់ថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនេះគឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់រួមគ្នាដើម្បី ការងារនេះឱ្យបានល្អប្រសើរឡើង ទោះបីការងារមួយចំនួនយើងអនុវត្តន៍មិនទាន់បានល្អប្រសើរនៅឡើយក្តី។

ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ដោយត្រូវចាត់ក្រុមមន្ត្រីចុះធ្វើការត្រួតពិនិត្យនៅតំបន់ ដែលងាយនិងមានការកកស្ទះចរាចរណ៍ ដោយដាក់កម្លាំងដើម្បីដោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍នេះ ។ បើនៅខណ្ឌណាមានកម្លាំងមិនគ្រប់ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញដើម្បីឱ្យអាជ្ញាធររាជធានីចាត់វិធានការបន្តទៀត។ ជាមួយគ្នានេះដែរយើងនឹងរៀបចំផ្លូវមួយចំនួនទៅជាផ្លូវឯកទិសឱ្យបានច្រើនបំផុត ផ្តល់លទ្ធភាពឱ្យរថយន្តក្រុងដឹកអ្នកដំណើរសាធារណៈអាចធ្វើចរាចរណ៍បានលឿនបម្រើទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ។ ចំពោះការសង់រោងបុណ្យ រោងការនៅលើផ្លូវសាធារណៈគឺអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ធ្វើការណែនាំដាច់ខាត មិនឱ្យពួកគាត់សាងសង់រោងនៅលើទ្រូងផ្លូវបិទការធ្វើចរាចររបស់ប្រជាពលរដ្ឋឡើយ។ទាក់ទិននឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរាជថានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយក៏ដល់ពេលដែលយើងត្រូវវះយកសាច់ស្អុយចេញ គឺមិនឱ្យមានការយកថវិកាក្រៅច្បាប់កំណត់នោះទេ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំនិងជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធការបង្ការគ្រោះអគ្គិភ័យឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលអាកាសធាតុពេលនេះមានការប្រែប្រួលនិងក្តៅខ្លាំង ហើយនៅតំបន់មួយចំនួនក៏ទទួលរងនូវការឆាបឆេះដោយអគ្គិភ័យដែរនោះ៕

ដោយសួស សំរិត