រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជួបនិងជម្រាបលា

AKP​ ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបលា បន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋ    មន្ត្រី និងសហការីនៃក្រសួងកសិកម្ម ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនាពេលកន្លងមក និងវាយតម្លៃលើការអនុវត្ដ និងលទ្ធផលគម្រោងនានាដែលឧបត្ថម្ភ គាំទ្រពីសហគមន៍អឺរ៉ុប។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏សោកស្ដាយចំពោះការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុបផងដែរ ក្នុងការដកការអនុគ្រោះពន្ធលើអង្ករកម្ពុជា ដែលការសម្រេចចិត្តនេះ គឺដើម្បីជួយដល់កសិករនៅអឺរ៉ុបបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអឺរ៉ុប។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រសួងកសិកម្មតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហគមន៍អឺរ៉ុបដែលបាន នឹងបន្តជួយគាំទ្រយ៉ាងល្អប្រសើរដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើអនុវិស័យជលផល អនុវិស័យព្រៃឈើ និងផលិតកម្មសត្វ និងសុខភាពសត្វ ដែលសហគមន៍អឺរ៉ុបបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយក្រសួងកសិកម្ម ក្នុងការអភិវឌ្ឍអនុវិស័យទាំងនេះប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា សហគមន៍អឺរ៉ុបនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្ត្រី អំពីអនុវស័យជលផល ថ្មីៗនេះសហគមន៍អឺរ៉ុបបានឯកភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូដល់ភាគីកម្ពុជា សម្រាប់អភិវឌ្ឍន៍អនុវិស័យជលផលដែលគម្រោងនេះមានឈ្មោះថា CAPFISH – CAPTURE ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនាពេល  ឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ តាមរយៈភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ក៏បានជួយគាំទ្រដល់អនុវិស័យនេះផងដែរ ដែលមានទឹកប្រាក់ ២៥លានអឺរ៉ូ សំដៅដល់ការអភិវឌ្ឍ និងជំរុញវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។

ជំនួបនេះបានផ្តោតជាសំខាន់ លើការបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតរវាងក្រសួងកសិកម្ម និងសហគមន៍អឺរ៉ុបលើការអភិវឌ្ឍ និងអភិរក្សអនុវិស័យជលផល និងអនុវិស័យព្រៃឈើ៕

ដោយសេង  សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)