លោកជំទាវ ខៀវ ទេពរង្ស៊ី ដឹកនាំសមាគមនារីចូលជួបសម្តែងការគួរសម ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា នៅភូមគ្រឹះលោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន

AKP​ ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ -នាព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ ខៀវ ទេពរង្ស៊ី ប្រធានកិតិ្តយស បានដឹកនាំនារីចំនួន៣៥រូប ចូលជួបសម្តែងការគួរសម ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ដើម្បីគោរពជូនពរ និងទទួលនូវអនុសាសន៍ របស់លោកជំទាវកិត្តិសង្កហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ​និងអធិការកិច្ច នៅឯភូមិគ្រឹះលោកជំទាវ។

នៅក្នុងឱកាសនោះ លោកជំទាវ ខៀវ ទេពរង្ស៊ី បានធ្វើរបាយការណ៍សង្ខេបស្តីពីសកម្មភាពរបស់សមាគមនារីក្រសួងព័ត៌មាន ដោយបានឆ្លុះបញ្ចាំងពីផែនការសកម្មភាពនារី  និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានពិតជាក់លាក់ជូនសាធារណជន។ ក្រៅពីនេះសមាគមនារីក៏បានចូលរួមចំណែកដូចជា៖ ១- ចូលរួបចំណែកកាត់បន្ថយភាពក្រីក្រ ភាពអត់ឃ្លាន និងរួមចំណែកនៅក្នុងវិស័យសាសនា។ ២- ចុះសួរសុខទុក្ខ ចាស់ជរា ស្រ្តីមេម៉ាយ កុមារខ្សោយសតិបញ្ញា កុមារពិការភ្នែក កុមារគថ្លង់។ ៣- ចូលរួមគ្រប់សកម្មភាព ក្នុងសង្គមយ៉ាងផុសផុល និងជំរុញបន្ថែមលើការលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំគ្រួសារ ដឹកនាំសង្គម ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនប្រកបដោយគុណសម្បត្តិល្អប្រសើរ និងទទួលបានជោគជ័យ ក្នុងកិច្ចការនានា ក្នុងនាមជាកូនស្រីល្អ ក្លាយជាអ្នកម្តាយល្អ និងក្លាយជាស្រ្តីថ្នាក់ដឹកនាំល្អ ក្នុងសង្គមកម្ពុជា។

លោកជំទាវ ខៀវ ទេពរង្ស៊ី តាងនាមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងថា្នក់ដឹកនាំក្រសួងព័ត៌មាន សមាជិកសមាជិកាទាំងអស់ សូមគោរពជូនពរលោកជំទាវឧបនាយករដ្ឋមន្រ្តី សូមបានប្រកបតែសុភមង្គល សុខភាពបរិបូរណ៍ ជន្មានយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ។

លោកជំទាវកិត្តិសង្កហបណ្ឌិតម៉ែន សំអន បានថ្លែងនូវសេចក្តីសោមន្សរីករាយ អរគុណ និងកោតសរសើរដល់ លោកជំទាវប្រធានកិត្តិយស និងថ្នាក់ដឹកនាំនារីទាំងអស់ នៅក្នុងឱកាសនេះ ។ លោកជំទាវបានបន្តថា ជាការពិតស្រ្តីក្រៅពីបានដើរតួនាទីជាភរិយា ជាម្តាយ ហើយ ក៏បានលះបង់ទាំងកាយ ទាំងចិត្ត យ៉ាងមុតមាំដើម្បីសេចក្តីសុខនៃប្រទេសជាតិ ដោយស្រ្តីបានចូលរួមសកម្មភាពរបស់ប្រទេស ជាពិសេសបានចូលរួមក្នុងការរំដោះប្រទេសឱ្យរួចផុតពីភ្លើងសង្រ្គាមផងដែរ។

លោកជំទាវកិត្តិសង្កហបណ្ឌិត ក៏បានផ្តាំផ្ញើដល់នារីនៃក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងណាកសាង អភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរថែមទៀត ត្រូវផ្តល់ជូនព័ត៌មានពិត ទាំងការអភិវឌ្ឍជាតិ និងពីសកម្មភាពរាជរដ្ឋាភិបាលជូនដល់សាធារណជនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងមានការទទួលខុសត្រូវផងដែរ៕

ដោយ សេង សុវណ្ណនី