អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជានៅតែជាមិត្តល្អ នឹងសហរដ្ឋអាមេរិកទោះបីមានវោហាសសាស្ត្របំបែកបំបាក់ក្តី

AKP ភ្នំពេញថ្ងៃទី១១ខែមីនាឆ្នាំ២០១៩-អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជានៅតែជាមិត្តល្អរបស់សហរដ្ឋអាមេរិកទោះបីមានវោហាសាស្ត្រចង់បំបែកបំបាក់និងកម្ទេចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏ដោយ។

ការថ្លែងរបស់ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃទី១១ខែមីនានេះនៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីអ្នកមាននិន្នាការទៅលោកខាងលិចតែងបញ្ចេញយោបល់តាមការយល់ឃើញរបស់ខ្លួនថា កម្ពុជាងាកទៅចិនជាងសហរដ្ឋអាមេរិក ខណៈកម្ពុជាកំពុងរក្សាជំហរបស់ខ្លួននៅកណ្តាលដោយអនុវត្តន៍អភិក្រមកែទម្រង់ខាងក្នុង បង្កើ់តមិត្តខាងក្រៅ។

ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ចេញទស្សនៈថា អ្នកវាយប្រហារយើងថាបែកចេញពីអាម៉េរិកអាចជាអ្នកនៅជិត នៅឆ្ងាយ ឬនៅជិតខាងយើង ដោយសារគេមិនចង់ឱ្យយើងមានសេចក្តីសុខ ឬមិនចង់ឱ្យយើងមានបានជាងគេនោះទេ។

ឯកឧត្តម អ្នកនាំពាក្យបានបញ្ជាក់ថា «កម្ពុជានៅតែជាមិត្តល្អជាមួយសហរដ្ឋអាមរិក ហើយប្រទេសទាំងពីរមានអនុស្សាវរីយ៍ល្អជាមួយគ្នាជាច្រើន ដូចជាការជួសជុលប្រាសាទ ការដោះមីនជាដើម»។ បើតាមឯកឧត្តម ផៃ ស៊ីផាន អ្វីដែលគេនិយាយពីទំនាក់ទំនងមិនល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក និងកម្ពុជាជាមួយសហគមន៍អឺរ៉ុបគឺគេចង់សម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាកកយរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញថា បាតុភូតនៃការអភិវឌ្ឍ ដៃគូកម្ពុជា-ចិននេះគឺបង្ហាញជាក់ស្តែងនូវជំនឿរបស់អ្នកវិនិយោគជាដៃគូរទាំងជាតិនិងអន្តរជាតិដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបន្តពង្រឹងប្រសិទ្ធភាពដើម្បី សន្តិភាព ស្ថិរភាព បរិយាកាសនយោបាយល្អ និងថាមពលដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុននិងពាណិជ្ជកម្មសេរី។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសថា កម្ពុជានៅតែញញឹមដាក់គ្រប់ប្រទេសទាំងអស់មិនរើសអើងប្រទេសណាមួយឡើយ ទោះបីប្រទេសនោះធ្លាប់ជាខ្មាំងសត្រូវជាមួយគ្នាពីអតីតកាលក៏ដោយ៕

ដោយ គង់ សិរីរ័ត្ន