ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អះអាងថា ទីលានបាល់ទាត់នៃគម្រោង សាលាតម្រង់ទិសត្រូវបញ្ចប់ក្នុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ នៅក្នុងសន្និបាតមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នៅសណ្ឋាគា ហ្គាឌិនស៊ីធី នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះថា គម្រោងសាងសង់ ទីលានសាលាតម្រង់ទិសតាមខេត្តនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៩នេះ ដោយទីលាន នៅវិទ្យា ល័យចំនួន៤ខេត្តបានបញ្ចប់ការសាងសង់ និងកំពុងដំណើរការប្រើប្រាស់ រួមមានខេត្តត្បូងឃ្មុំ, ខេត្តស្វាយរៀង, ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ឯកឧត្តមបញ្ជាក់ថា ក្រោយសហ ព័ន្ធដាក់ចេញនូវផែនការអភិវឌ្ឍន៍សាលាតម្រង់ទិសទូទាំងរាជធានីខេត្ត កាលឆ្នាំ២០១៧ បច្ចុប្បន្នសហព័ន្ធបានបញ្ចប់គម្រោង៤ខេត្តហើយ ប៉ុន្តែនៅសល់ប៉ុន្មានខេត្ត សហព័ន្ធនឹង បញ្ចប់ការសាងសង់យ៉ាងយូរចុងឆ្នាំ២០១៩នេះ។ បច្ចុប្បន្នមានខេត្តចំនួន៦ ដែលសហព័ន្ធ ដំណើរការសាងសង់ទីលានសាលាតម្រង់ទិស រួមមានខេត្ត កំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ ចាម, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។

ចំណែកខេត្ត កំពុងដំណើរការ ឯកសារត្រៀមបន្ដការសាងសង់ រួមមានខេត្តតាកែវ, បាត់ដំបង, ពោធិសាត់, ព្រៃវែង និងខេត្ត កំពង់ស្ពឺ ស្របពេលខ្ទង់ចំណាយសម្រាប់សាងសង់ទីលានស្ដង់ដារឱ្យបានគ្រប់ខេត្ត ក្នុងឆ្នាំ ២០១៩នេះ គឺមានទំហំទឹកប្រាក់ប្រមាណ១.៧៤៤.៣៩៥ដុល្លារ។ នេះជាការលើកឡើងបន្ថែម របស់ឯកឧត្តមប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងសន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធបានលើកឡើងនូវសមិទ្ធផលឆ្នាំ ចាស់ ជាមួយនឹងបញ្ហាប្រឈមមួយចំនួន និងបានលើកទិសដៅការងារក្នុងឆ្នាំ២០១៩នេះ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខផងដែរ៕

ដោយ ហេង ណាលីន