នាវាទេសចរណ៍មួយគ្រឿងនាំភ្ញៀវជាង៥០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃចន្ទ ៦កើត  ខែផល្គុន ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ SEA BOURN OVATION  បាននាំភ្ញៀវ ទេសចរចម្រុះជាតិសាសន៍ជាង៥០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃ។មន្ត្រីប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា SEA BOURN OVATION មានសញ្ជាតិ BAHAMAS  មានបណ្តោយប្រវែង ២១០.៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលតាម ច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរចំនួន ៥២៦នាក់ ស្រី ២៧០នាក់ មាន ២៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៣២នាក់ ស្រី ១១៥នាក់ មាន ៥៨សញ្ជាតិ។

នាវា SEA BOURN OVATION បាន នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មក ពីប្រទេស វៀតណាមចូលចតកំពង់ផែអន្តរ ជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង១៨នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩ នាវាមានគម្រោងចាកចេញពីកំពង់ផែ អន្តរជាតិក្រុង ព្រះសីហនុ នៅវេលាម៉ោង២០  ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។

ភ្ញៀវទេសចរធ្វើដំណើរតាមនាវាទេសចរណ៍យក្ស SEA BOURN OVATION មានសញ្ជាតិច្រើនជាងគេមានដូចជា អាម៉េរិកចំនួន២២៧នាក់  អង់គ្លេស១១២នាក់ និងមាន ភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តតាម តំបន់រមនីយដ្ឋាននានា ក្នុងខេត្ត តំបន់ឆ្នេរ ទីប្រជុំជនផ្សារ និងតំបន់នេសាទ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នាវាទេសចរណ៍យក្សចំនួន ០២គ្រឿងបានចូកចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ជាង ៤.០០០នាក់ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព៕

ដោយ ងូ សុមុនី