ក្រសួងបរិស្ថានពង្រឹងយន្តការ​គាំទ្រ​ដំណើរការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ -នៅទីស្ដីការ​ក្រសួង ​​រសៀល​ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​មួយ​តំណាង​អគ្គនាយកដ្ឋាន​ នាយកដ្ឋាន​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​ ១១ ស្ដីពី​ យន្តការ​គាំទ្រ​ដំណើរការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងបន្តថា គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី ១-បង្ហាញ​ពី​ស្ថានភាព និង​វឌ្ឍនភាព នៃ​ការ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន ។ ២-ពិភាក្សា​ពី​ការ​បែងចែក​តួនាទី និង​ភារកិច្ច​ក្នុង​ការ​គ្រប់ គ្រង​សួនកេសរកូលព្រៃភ្នំគូលែន ។ ៣-កំណត់​ផ្ទៃ​ដី​សម្រាប់​រៀបចំ​មជ្ឈមណ្ឌល​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន។

ប្រភពខាងលើបន្តថា ឯកឧត្ដម ទិន ពន្លក បាន​ឱ្យដឹងពីគោលបំណង​សំខាន់​ៗ​នៃ​ការ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន គឺ​ដើម្បី​គាំទ្រ​ដល់​ការ​អភិរក្ស ការ​សិក្សា​ស្រាវជ្រាវ​ ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ប្រភេទ​កេសរកូល​របស់​កម្ពុជា និង​ផ្ដល់​ជា​ទីតាំង​ទស្សនីយភាព​កេសរកូល​ព្រៃ​ធម្មជាតិ ​សម្រាប់​ទស្សនា​និង​​កម្សាន្ត​ផង

​ដែរ។

ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ ក្រុមការងារ​នៃ​នាយកដ្ឋាន​ជីវៈចម្រុះ ​បាន​ធ្វើ​​បទ​បង្ហាញ​លម្អិត​ពី​ស្ថានភាព និង​វឌ្ឍនភាព​​ បញ្ហា​ប្រឈម និង​ជំហាន​បន្ទាប់ ជូន​អង្គប្រជុំ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា ​ពី​ការ​បែងចែក​តួនាទី ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ និង​ការ​កំណត់​ផ្ទៃដី​សម្រាប់​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​​។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ក្រុម​ការងារ​បាន​ស្នើ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​មាន​កេសរកូល ធ្វើ​ការ​ប្រមូល​សំណាក​ និង​បញ្ជូន​កេសរកូល​ដែល​ចាប់​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​មក​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដើម្បី​កំណត់​អត្តសញ្ញាណ​និង​រក្សា​ទុក​នៅ​សួន​កេសរកូល​ព្រៃ​។ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ហើយ​ត្រូវ​បាន​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធ​នាម​ថា ” មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំគូលែន” តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​(សជណ) លេខ ៨៧ សជណ.ដប ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ២០១៩។ បច្ចុប្បន្ន មជ្ឈមណ្ឌល​បាន​សាងសង់​សួន​កេសរកូល​ព្រៃ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដោយ​បាន​ប្រមូល​កេសរកូល​ព្រៃ​បាន​ចំនួន​ ៩០ប្រភេទ (១.២០០សំណាក) ​ពី​តំបន់​ឧទ្យានជាតិ​​ជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ និង​បន្ត​ប្រមូល​ពី​តំបន់​សំខាន់​ៗ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​​កម្ពុជា ដើម្បី​ថែរក្សា និង​កំណត់​អត្តសញ្ញាណ៕

ដោយ ពេជ្រ ណារិទ្ធ