អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា រាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះមហា​សន្និបាត​លើកទី៣៩របស់AIMF នៅចុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០១៩​ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៣៩ របស់​សមា​គម​អន្ដរជាតិអភិបាលក្រុងនិយាយភាសាបារាំង(AIMF) នៅចុងឆ្នាំ២០១៩នេះ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ព្យែរ បៃយ៉េ លេខាធិការ អចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងនិយាយភាសាបារាំង(AIMF)ដោយផ្តោតសំខាន់ទៅលើការត្រៀមលក្ខណៈរបស់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត របស់AIMFលើកទី៣៩នៅចុងឆ្នាំ២០១៩នេះ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីការផ្តល់កិច្ចសហការឱ្យបានល្អប្រសើរ​ជាមួយ​AIMF ក្នុងនាមទីក្រុងភ្នំពេញជាសមាជិកការិយាល័យរបស់ AIMF និងត្រូវបានអង្គសន្និបាត ​AIMFអនុម័តគាំទ្រជាឯកច្ឆ័នជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ស មាគមលើកទី៣៩ ស្របនឹងខួបទី៤០នៃការបង្កើតសមាគម។ សម្រាប់សន្និបាតឆ្នាំនេះ គឺបន្ត​ការងារពីសន្និបាតឆ្នាំមុននៅទីក្រុងលីល ប្រទេសបារាំងដោយផ្តោតសំខាន់ទៅលើខ្លឹមសារការ​រស់នៅ​ក្នុងទីក្រុង និងកីឡា។ ឯកឧត្ដមបានបន្ដថា រាជធានីភ្នំពេញក៏គាំទ្រទៅនឹង​គម្រោង​បង្កើតការិយាល័យ(AIMF)នៅរាជធានីភ្នំពេញសម្រាប់តំណាងប្រចាំតំបន់ផងដែរ។

ឯកឧត្ដម ព្យែរ បៃយ៉េ បានលើកឡើងថា សន្និបាតរបស់សមាគមអន្តរជាតិអភិបាល ក្រុងនិយាយភាសាបារាំងនៅរាជធានីភ្នំពេញ គឺជាទ្វារមួយបើកទៅកាន់ពិភពលោក និង បង្ហាញពីអ្វីដែលសមគមបានធ្វើក៏ដូចជាការបង្ហាញពីសក្តានុពលវប្បធម៌ ការរីកចម្រើនរបស់​រាជធានីភ្នំពេញ ក៏ដូចជាវិស័យទេសចរណ៍ កីឡា និងបរិស្ថានជាដើម។ ឯកឧត្ដមបន្ដថា សមាគមនឹងព្យាយាមដោះស្រាយបញ្ហាដែលកើតមានដូចជាបញ្ហាទឹកកខ្វក់ ការរស់នៅរបស់ ប្រជាពលរដ្ឋ និងកីឡាជាដើម។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង និងឯកឧត្តម ​ព្យែរ បៃយ៉េ ក៏បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ផ្ដល់ជំនួយសម្រាប់​គម្រោងការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​វិស័យរៀបចំក្រុងប្រកប​ដោយ​និរន្តរភាព ដើម្បី​រៀបចំ​តំបន់​អាណាធិបតេយ្យ​ឡើងវិញ​ក្នុងទីក្រុង និង​ធានា​ផ្ដល់នូវលទ្ធភាពក្នុង​ការទទួលបាន​នូវសេវា​សំខាន់​ៗ ​សម្រាប់​សហគមន៍​ក្រីក្រ រវាង​រដ្ឋបាល​រាជធានីភ្នំពេញ និង​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងនិយាយ​ភាសាបារាំង ( AIMF ) ​៕

ដោយ សួស សំរិត