រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ ខេត្ដចំនួន៤ អាចចេញវិញ្ញាបនបត្របញ្ជាក់​ប្រភព​ដើមទំនិញ ក្នុងការសុំស៊ីអូ ទម្រង់ ឌី ដើម្បីនាំចេញកសិផលទៅប្រទេសជិតខាង

AKP ក្រចេះ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអះអាងថា ដើម្បីសម្រួលដល់ការនាំចេញកសិផលទៅកាន់​ទីផ្សារ​អន្តរជាតិ សម្រាប់ខេត្តដែលស្ថិតនៅតាមព្រំដែនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មសេវាចេញវិញ្ញាបនបត្របញ្ជាក់​ប្រភព​ដើមទំនិញ (CO) ទម្រង់ ឌី (D) តាមប្រពន្ធ័ស្វ័យប្រវត្តិកម្ម ជូនដល់មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួង​ពាណិជ្ជកម្ម។ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការផ្ដល់ប្រតិភូកម្មនៃការចេញវិញ្ញាបនបត្របញ្ជាក់ ប្រភពដើមទំនិញទម្រង់ឌី  តាមប្រព័ន្ធស្វ័យប្រវត្ដិកម្មសម្រាប់នាំចេញកសិផល ជូនមន្ទីរ​​ពាណិជ្ជ​កម្មខេត្ដត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្ដមណ្ឌលគិរី កាលពីព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីកិច្ចប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត​ក្របខ័ណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បីលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅធានាឱ្យមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ច​ដ៏ទូលំទូលាយ និងប្រកបដោយនិរន្តរភាព អាច​ឆ្លើយតបតម្រូវការអទិភាពរបស់ប្រជាពលរដ្ឋ និងគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូល​នៃយុទ្ធសាស្ត្រចតុកោណ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មសេវា CO ទម្រង់ D នេះ ជូនដល់មន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តចំនួន ៥ ដូចជា ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងរតនគិរី រួមទាំងតំបន់សេដ្ឋកិច្ចពិសេស​ចំនួន២ នៅក្នុងខេត្តស្វាយរៀងគឺ Manhattan តាយសេង និងសានដុង-សាន់សែល ដើម្បី​សម្រួលដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលរបស់ប្រជាកសិករខ្មែរ។

ឯកឧត្តមបានបន្ដថា ការដាក់ឱ្យ​ដំណើរការសេវា CO ទម្រង់ D នៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី នេះ គឺដោយសារតែជាខេត្តអាទិភាព ដែលស្ថិតនៅក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ​នាយករដ្ឋមន្ត្រី បាននិង​កំពុង​យកចិត្តទុកដាក់ខ្លាំងលើការកាត់បន្ថយគម្លាតនៃការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ក៏ដូចជាការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាជន នៅក្នុងខេត្តទាំងបួននេះ។ ឯកឧត្តម​បាន​បន្ថែមថា ការធ្វើប្រតិភូកម្ម​នេះ គឺមិនត្រឹមតែជាការផ្ទេរភាពជាម្ចាស់នៃមុខងារទេ ថែមទាំងជា​ការ​ទទួលខុសត្រូវក្នុង​ការ​គ្រប់គ្រង និងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេសការចេញ CO ទម្រង់ D ឱ្យបានកាន់តែឆាប់រហ័សជូនអ្នកនាំចេញ ដើម្បីសម្រួល​ដល់ការនាំចេញកសិផល ជៀសវាងបាននូវភាពអសកម្មនានា និងការកកស្ទះដោយ​ប្រការ​ណាមួយ។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ កម្ពុជាបាននាំចេញទំនិញនៅក្រោមប្រព័ន្ធអនុគ្រោះ​ពាណិជ្ជកម្ម ទៅកាន់ទីផ្សារក្រៅប្រទេសក្នុងទឹកបា្រក់ ១២.៨៩៥លានដុល្លារអាម៉េរិក បានកើន​ឡើង១៣.៧០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៧ ដែលមានទឹកបា្រក់ត្រឹមតែ ១១.៣៤១លាន​ដុល្លារ​អាម៉េរិក។ ដោយឡែកការនាំចេញកសិផល តាមរយៈ CO ទម្រង់ D ទៅកាន់ទីផ្សារ​តំបន់​អាស៊ាន ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ គឺបានកើនពីទឹកបា្រក់ ៧២៨លាន​ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០១៦ ដល់ទឹកប្រាក់ ១.៤០៦លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៨៕

ដោយ អ៊ុន រិទ្ធី