នាវាទេសចរណ៍បរទេស០២គ្រឿង ចូលចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែសមុទ្រ ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ — នាវាទេសចរណ៍បរទេសចំនួន០២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈ​ពេលមួយថ្ងៃ។ នាវានេះ បានចូលចត កាលពីព្រឹកថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ។   តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទី១ មានឈ្មោះ NORWEGIAN   មានសញ្ជាតិ BAHAMAS បាននាំភ្ញៀវទេសចរបរទេសចម្រុះ​ជាតិ​សាសន៍ចំនួន២.៣៥៥នាក់ ស្រី១.២៨១នាក់ មាន៥៤សញ្ជាតិ និងមាននាវិក១.០៥៦នាក់ ស្រី ២៥១នាក់ មាន៦០សញ្ជាតិ។ នាវាបាននាំភ្ញៀវទេសចរបរទេសមកពីប្រទេសថៃ ចូលចតនៅ​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីនៅវេលាម៉ោង ៧ និង ១០នាទី ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៩ ដោយនាវានេះ មានគម្រោងចាកចេញ ពីកំពង់ផែអន្តរជាតិក្រុង​ព្រះសីហនុនៅ​វេលា១៩យប់ ឆ្ពោះទៅកាន់ប្រទេស វៀតណាម ។

នាវាទី២ មានឈ្មោះ MARELLA DISCOVERY សញ្ជាតិ MALTA បាននាំភ្ញៀវទេសចរចំនួន ១.៧៨៣នាក់ ស្រី ៩១០នាក់ មាន ១៤សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៦៣នាក់ ស្រី ១៣៧នាក់ មាន ៤៣ សញ្ជាតិ ។ នាវា MARELLA DISCOVERY មានប្រវែង ២៦៤.៣ ម៉ែត្រ ទទឹង ៣២.៣ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ។ ចំពោះភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អាម៉េរិក ១.៧៥៤នាក់ ។ 

ជាមួយគ្នានេះ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន​ក្នុងខេត្តព្រះសីហនុ តំបន់ទីប្រជុំជន ផ្សារ តំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ តាម​តំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ និងទៅកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត​ផងដែរ៕ ​

ដោយ ងូ សុមុនី