កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់អភិបាលក្រុងនិយាយ ភាសាបារាំងនៅដើមខែធ្នូ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយ​ភា​សា​​បារាំង បានចាត់ទុកកម្ពុជា ជាប្រទេសជាគំរូ​ ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន សម្រាប់យក​ទៅ​​​អនុវត្តន៍បន្តនៅបណ្ដាប្រទេសជិតខាងមួយចំនួនទៀត​ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​មហាសន្និបាតរបស់អភិបាលក្រុងនិយាយភាសាបារាំងដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ​២០​១​៩​ នៅរាជធានីភ្នំពេញ។ឯកឧត្ដម ស្រ៊ី ថារុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែង​ដូច្នេះប្រាប់ក្រុម​អ្នកយក​ព័ត៌​មា​ន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​​​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម កាលពី​ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមអញ្ជើញ​មក​បំពេញ​ទ​ស្ស​​នកិច្ចនៅកម្ពុជា ដើម្បីរៀបចំមហាសន្និបាតរបស់អភិបាលក្រុង និយាយភាសា​បារាំង ដែល​នឹង​ប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះឯកឧត្តម Pierre Baillet  បាន​សម្ដែ​ង​​នូវ​ការអរគុណយ៉ាងខ្លាំង និងជាកិត្តិយស ដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យគណៈប្រតិ​ភូ​រ​បស់​ឯកឧត្ដម ចូ​លជួប​សម្ដែងការគួរសម បើទោះបីជាសម្ដេចមានកម្មវិធី មមាញឹកយ៉ាង​ណា​ក៏​ដោយ ហើយឯកឧត្ដម រីករាយណាស់ ដោយបានឃើញទីក្រុងភ្នំពេញ គឺជាទីក្រុងមួយ ជា​ស​មា​ជិក នៃទីក្រុងដែល​និយាយភាសាបារាំង។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក៏​ដូ​ច​​ជាពិនិត្យមើលនូវ​គម្រោងអភិវឌ្ឍន៍នានា ដែលបានអនុវត្តន៍កន្លងមក និងគម្រោង​ដែ​ល​​ត្រូវអភិវឌ្ឍន៍ នៅពេល​ខាងមុខ​ជាមួយនឹងជំនួយ ដែលបានមកពីសហគមន៍ និយាយ​ភា​សា​បា​រាំង ក្នុងនោះក៏មាន​មូល​និធិ Bill Gate ផងដែរ ក្នុងការស្ដារប្រព័ន្ធកែលម្អបរិស្ថាន ទីក្រុងកាក​សំ​ណល់ ទឹកស្អុយ ឬក៏ទឹកដក់ នៅតាមផ្លូវជាដើម។ ឯកឧត្តមបានបន្ដទៀតថា កម្ពុជា​ជា​​គំរូ ជាពិសេស​ទីក្រុង​ភ្នំពេញ និងទីក្រុងសៀមរាប អាចជាគំរូនៅក្នុងការអភិវឌ្ឍនូវគម្រោង​ទាំង​នេះ សម្រាប់បណ្ដា​ប្រទេសជិតខាង មានដូចជាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងទីក្រុង នៃ​ប្រទេសវៀត​ណាមជាដើម។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ផង​ដែ​រ​​​ថា សមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង នឹងត្រៀមរៀបចំធ្វើសន្និបាត ដែលមាន​ការ​ចូ​ល​​រួមពី អភិបាលក្រុងអភិបាលប៉ារីស នាដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែល​ក្នុ​ង​​ឱ​កាសនោះ នឹងរំលេចនូវភាពជោគជ័យ នៃការអនុវត្តគម្រោងនានា នៅកម្ពុជា ជាពិសេ​ស​នៅ​​រាជធានីភ្នំពេញ និងនៅទីក្រុងសៀមរាប ហើយឱកាសនោះ ក៏នឹងបង្ហាញ​ឱ្យសមាជិកមក​ពី​​​ទ្វីបទាំង៥ និងមានអភិបាលក្រុង ពីទ្វីបទាំងប្រាំ នៃពិភពលោកនេះ នឹង​មកចូលរួមសន្និបាត​នេះ​។

ជាការឆ្លើយតប សម្ដេចតេជោ​ ហ៊ុន​ សែន បានសម្ដែងនូវការរីករាយ ដោយបានទទួល​គណៈ​ប្រតិ​ភូ​ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលឱកាសនេះសម្តេចសង្ឃឹមថា គណៈប្រតិភូបា​​នឃើញផ្ទាល់នឹងភ្នែកនូវការរីកចម្រើន​ ជាពិសេស នៅក្នុងការអនុវត្ត​គម្រោង​នានា ដែល​ស​មាគមនៃអភិបាលក្រុង និយាយភាសាបារាំង បានជួយមកដល់កម្ពុជា ដែល​មាន​ប្រវត្តិតាំង​ពី​ក្នុងទសវត្សរ៍៨០មកម្ល៉េះ គឺថ្វីត្បិតតែពេលនោះ បារាំងនិងកម្ពុជា មិនទាន់​ភ្ជាប់ទំនាក់​ទំនង​ការ​ទូ​តនឹងគ្នានៅឡើយ ដោយសារបានកាត់ផ្ដាច់ក្រោយរបបខ្មែរក្រហម តែ​អភិបាលក្រុងប៉ារីស​កា​លនោះ​ ឯកឧត្តម ហ្សាក់ ហ៊្សីរ៉ាក់ បានបញ្ជូនរថយន្តដឹកសំរាម ផ្ដល់មក​ឱ្យកម្ពុជា តាំងពី​ពេ​ល​នោះ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា វាជាកិត្តិយសសម្រាប់​កម្ពុជា ដែល​រាជ​ធា​នី​ភ្នំ​ពេញ បានក្លាយទៅជាសមាជិកមួយ នៃសមាគមប្រទេសដែលប្រើ​ប្រាស់​ភាសាបារាំង។ ស​ម្ដេ​ច​តេជោបានបញ្ជាក់ជូនភ្ញៀវអំពីការរីកលូតលាស់យ៉ាងលឿន របស់រាជធានីភ្នំពេញជាង​ការ​ប៉ាន់ស្មាន ជាពិសេសកំណើនប្រជាជន ដែលធ្វើឱ្យជួប​បញ្ហា​លំបាកនៅក្នុងការ​ដោះ​ស្រា​យ​ បញ្ហាលូបង្ហូរទឹកកខ្វក់ និងបញ្ហាសំរាមជាដើម ជាពិសេស កំណើនប្រជាជននៅក្នុងទី​ក្រុ​ង​កា​ន់តែច្រើន ដែលទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ដល់ បរិស្ថាន ប៉ុន្តែយើងកំពុងខិតខំរៀប​ចំ​ដោះ​ស្រាយ។ សម្ដេចតេជោក៏បានស្វាគមន៍ និងរីករាយ​ជានិច្ច ជាមួយគម្រោងនានា និង​ការ​ជួ​យ​របស់សមាគមក៏ដូចជាមូលនិធិផ្សេងៗ ដែលរាជ​រដ្ឋាភិ​បាល ក៏បានត្រៀមថវិកាបដិភាគ ស​ម្រា​​ប់​អនុវត្តន៍គម្រោងទាំងនោះ ឱ្យប្រកបដោយ​ជោគជ័យ។   សម្ដេចតេជោបានលើកឡើងថា ប្រ​ទេសនិយាយភាសាបារាំងភាគច្រើន ជា ប្រទេសក្រីក្រ មិនអភិវឌ្ឍន៍ដូចប្រទេស ដែល​និយា​យ​ភាសាអង់គ្លេសទេ តែយើងមានមោទ​នភាព ដោយសារថា សមាគមប្រទេស ដែល​និយា​យ​ភា​សាបារាំង មានស្មារតីជាសហគមន៍ យើងជួយគ្នា ដូចជា ទោះបីជាកម្ពុជា ទើបនឹង​រួចផុតពី​ស​ង្គ្រាម ប៉ុន្តែយើងបានបញ្ជូនកងកម្លាំង ទៅជួយរក្សាសន្តិភាព នៅប្រទេសដែលនិយាយ​ភា​សា​​បារាំងមួយចំនួន ដូច្នេះវាជាកិច្ច​សហ​ប្រតិបត្តិការមួយ នៅក្នុងក្រុមប្រទេស ដែលនិយា​យ​ភា​សាបារាំង។ ជានេះទៀត នៅក្នុងការ​ប្រើប្រាស់ភាសាបារាំងនេះ ថ្វីត្បិតតែវាមាននិន្នាការ ឆ្ពោះ​ទៅការប្រើភាសាអង់គ្លេស ក៏ប៉ុន្តែ​យើងក៏នៅបង្ហាត់បង្រៀន គ្រូភាសាបារាំង សម្រាប់​ប​ង្រៀ​ន នៅក្នុងសាលា ហើយនៅក្នុង​វិទ្យាស្ថានបច្ចេកទេស ក៏យើងប្រើប្រាស់ភាសាបារាំង និងក្នុងផ្នែកវេជ្ជសាស្ត្រ នៅក្នុងមហាវិ​ទ្យាល័យពេទ្យផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បា​​ន​​សម្ដែងនូវសេចក្ដីរីករាយ ក្នុងការ​ដែលទីក្រុងភ្នំពេញ នឹងរៀបចំធ្វើជាទីកន្លែងសន្និបាត របស់​ស​មាគម អភិបាលក្រុងនិយាយ​ភាសា​​បារាំង ដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩​ខាង​មុខនេះ៕

ដោយ ជឹម ណារី