ថ្ងៃទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា អាជ្ញាធរខេត្ដសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដ រៀបចំពិធីជប់លៀងលើកទឹកចិត្ត​ដល់កុមារគ ថ្លង់ និងកុមារពិការភ្នែក

AKP សៀមរាប ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ — ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ៨មិនាឆ្នាំ២០១៩​នេះ គ្រួសារសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាល់សួរសុខទុក្ខ រៀបចំម្ហូប​អាហារ និងផ្តល់អំណោយដល់កុមារគថ្លង់និងកុមារពិការភ្នែក ក្នុងគោលបំណងគាំទ្រ​និង​លើកទឹកចិត្តពួកគេឱ្យរស់នៅក្នុងជីវិតមានន័យក្នុងសង្គមជាតិ។ ពិធីនេះបានធ្វើឡើងនៅ​សាលាកុមារគ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប កាលពីថ្ងៃ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ខែមីនាឆ្នាំ២០១៩ គឺជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។ លោកស្រី ម៉ន នីរងី្ស អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក៏បាន អានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថស៊ីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនដល់កុមារគថ្លង់ និងកុមារពិការភ្នែកទាំងអស់ នៅទីនោះបានដឹង។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ដសៀមរាប បានមានប្រសាសន៍ណែនាំ​និងក្រើន​រម្លឹក​ដល់ក្មួយៗកុមារគថ្លង់ និងពិការភ្នែកក្នុងមណ្ឌលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និង ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងចាក​ចេញ​ឱ្យ​ឆ្ងាយពីគ្រឿងញៀន និងបងតូចបងធំផងដែរ។ ឯកឧត្តម ក៏បានពាំនាំនូវអនុសាសន៍​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលការណ៍​សម្រាប់សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ចំពោះស្រ្តីកំពុងជាប់ក្នុងពន្ធនាគារ និងបានដាក់ចេញនូវ​បម្រាម​ដាច់ខាត មិនឱ្យមានការសម្របសម្រួលសុំសម្រាលទោសចំពោះជន​ណាដែលប្រព្រឹត្តអំពើ​រំលោភសេពសន្ថវៈលើអនីតិជន និងបានយកចិត្តទុកដាក់ជាខ្លាំងចំពោះស្ត្រីជាទណ្ឌិត ដែល​កំពុងជាប់ក្នុងពន្ធនាគារ ដោយសម្តេចបានឱ្យសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការ​ស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្រ្តី។ ចំពោះស្រ្តីជាមាតាដែលត្រូវបានទទួល​ទោស​ទណ្ឌ ពិតជាមានអារម្មណ៍ខ្លោចផ្សារណាស់ ចំពោះកូនតូចរបស់ខ្លួន ដែលជាប់នៅជាមួយ​ទាំងរូបគេពុំមានទោសកំហុសអ្វីសោះឡើយ។

លោកកស្រី ហុង ធារី នាយិកានៃអង្គការគ្រួសារថ្មី ថា ដោយមានការសហការរវាង​អង្គការ​គ្រួសារថ្មីនិងក្រសួងអប់រំ សាលាគថ្លង់ និងកុមារពិការភ្នែកខេត្តសៀមរាប បានចាប់ ផ្ដើមសាងសង់នៅឆ្នាំ១៩៩៩ និងដំណើរការនៅឆ្នាំ២០០០ ដែលបានទទួលបង្រៀន និងអប់រំ តែកុមារពិការពីរប្រភេទប៉ុណ្ណោះឱ្យចូលរៀន គឺកុមារគថ្លង់ និងកុមារពិការភ្នែក។ លោកស្រី​បានបន្ដថា រហូតដល់ឆ្នាំ២០១៧-២០១៩នេះ មានអគារសរុបចំនួន១៣ខ្នង ដែល៤ខ្នងជា​អំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពារជាតិនិងលោកជំទាវ តៅ តឿន។ ទន្ទឹមនេះ ក្នុងចំណោមអាគារទាំងនោះដែរ មានអគារ​សិក្សា​ចំនួន៤ខ្នងស្មើនឹង១៥បន្ទប់ សាលពិព័រណ៍ចំនួន១ខ្នង ផ្ទះសម្រាប់សិស្សស្នាក់​នៅចំនួន​៦ខ្នង បណ្ណាល័យចំនួន១ខ្នង និងម៉ាស្សាចំនួន១ខ្នង។

លោកស្រីនាយិកាក៏បានឱ្យដឹងទៀតថា ឆ្នាំនេះមានសិស្សសរុប១៥៥នាក់(ស្រី ៦២នាក់) ក្នុងនោះមានពិការភ្នែក២០នាក់(ស្រី៧នាក់) ក្រៅពីនោះជាកុមារគថ្លង់ ដែលពួកគេទាំង​អស់​ខ្លះមកពីខេត្តសៀមរាប ព្រះវិហារ កំពង់ធំ កំពង់ចាម ស្ទឹងត្រែង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តមមានជ័យ។ លោកស្រីបានបន្ថែមថា កម្មវិធីសិក្សាសាលាមានសិស្សចូលរៀន​ពីថ្នាក់មត្តេយ្យរហូលដល់ថ្នាក់ទី១២ និងបន្តទៅសាកលវិទ្យាល័យផងដែរ។ ចំណែក​បុគ្គលិកគ្រូបង្រៀនមានចំនួន៤០នាក់ (ស្រី១៨នាក់) ជាបុគ្គលិកជ្រើសរើសចេញពីក្រសួងអបរំ យុវជន និងកីឡា ដែលមានការបំប៉នបន្ថែមជំនាញពិសេស សម្រាប់បង្រៀនសិស្ស​គថ្លង់​និងសិស្សពិការភ្នែក។

គួរបញ្ជាក់ថា ក្នុងពិធីជួបជុំនោះដែរ គ្រួសារសហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាបបានចែកជូននូវអំណោយ ដែលមានសារុង សម្ភារសិក្សា ថវិកា និងការរៀបចំម្ហូប អាហារ ជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក កុមារគថ្លង់និងកុមារពិការភ្នែក ដែលបានចូលរួម​នាថ្ងៃនេះគ្រប់ៗគ្នា ហើយក៏បានរៀបចំឱ្យមានការច្រៀងរាំ និងលេងល្បែងប្រជាប្រិយ​កម្សាន្ដផងដែរ៕

ដោយ ហង្ស សៀក