អភិបាលខេត្ដព្រះសីហនុ អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាវាទេសចរណ៍ ក្រុមហ៊ុន​កោះរ៉ុងដាយសិនធឺរ (ទូកហែបភីបូត)

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញ​ចូលរួម​កាត់ខ្សែបូរសម្ពោធដាក់ ឱ្យប្រើប្រាស់នាវាទេសចរណ៍ក្រុមហ៊ុនកោះរ៉ុងដាយសិនធឺរ (ទូកហែប​ភីបូត) ជាប្រភេទទូកភ្លោះ ល្បឿនលឿន មានសុវត្ថិ ភាព និងផាសុខភាព​សម្រាប់ភ្ញៀវទេស ចរធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ។ ពិធីនេះ ​បាន ធ្វើឡើង កាលពីព្រឹកថ្ងៃសុក្រ ៣កើត ខែផល្គុន  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា នាវាទេសចរណ៍នេះ ជាផ្នែកមួយយ៉ាង​សំខាន់​ក្នុងការបម្រើឱ្យវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ពិសេសការ​ដឹកជញ្ជូនតាមផ្លូវទឹកទៅ​កាន់កោះនានាក្នុងខេត្តព្រះសីហនុ កាន់តែទំនើប មានសុវត្ថិភាព​បន្ថែមទៀត ដើម្បីធានាបាន​នូវ​សុវត្ថិភាពជូនភ្ញៀវទេសចរ។ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុន​នឹងនាំ​នាវាទេសចរណ៍ទំនើបៗ​បន្ថែម​ទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង​នូវភ្ញៀវ​ទេសចរ ជាពិសេសការដឹក​ជញ្ជូន​​តាមផ្លូវទឹកមានសារៈសំនខាន់ណាស់ ធ្វើឱ្យភ្ញៀវមាន​ទំនុក​ចិត្តមកលេងកម្សាន្តខេត្ត​ព្រះសីហនុ មិនអាចភ្លេចជិះនាវាទៅលេងកម្សាន្តតាមបណ្តាកោះ ។ 

លោក សេង ហួលាង តំណាងក្រុមហ៊ុន កោះរ៉ុងដាយសឺនធឺរ មានប្រសាសន៍ថា ដើម្បីបម្រើឱ្យវិស័យទេស ចរណ៍ក្នុងខេត្តព្រះសីហនុ ដែលមានសក្តានុពលផ្នែកទេសចរណ៍ ម្យ៉ាងដោយ សារតែភ្ញៀវទេសចរកើនឡើង ជាពិសេសខេត្តព្រះសីហនុមានការអភិវឌ្ឍ​មាន​សន្ទុះយ៉ាងលឿន គួបផ្សំនឹងចរាចរផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មានការមមាញឹក ទើប​ក្រុមហ៊ុនបានពិភាក្សាគ្នា នាំនាវាទំនើបមកបន្ថែមទៀត។ លោកបានបន្ដថា បច្ចុប្បន្នក្រុមហ៊ុន​មាន​នាវាទំនើប​ចំនួន០៤គ្រឿង គួបផ្សំនឹងទូកឈើជិត១០គ្រឿងបន្ថែមទៀត ហើយការដឹក​ជញ្ជូនតាមផ្លូវទឹកមិនទាន់ឆ្លើយតបតាមតម្រូវការដឹកមជញ្ជូនភ្ញៀវទេសចរនៅឡើយ។

ជាមួយគ្នាននេះ នាវាអាចផ្ទុកមនុស្សបានរហូតដល់ ៤៥០ នាក់ ក្នុងនោះក៏មានការ​បម្រើភេសជ្ជៈ ម្ហូបអាហារ មានបន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក ធានាសុវត្ថិភាព ដើម្បីបម្រើឱ្យ​ទាន់សម័យទាំងភ្ញៀវជាតិ និងអន្តរជាតិដូចប្រទេសជិតខាង។ លោកបានបន្ដទៀតថា ការនាំចូលនាវាទំនើបនេះ ក្នុងគោលបំណងជួយបង្កើនការអភិវឌ្ឍវិស័យទេសចរណ៍​នៅក្នុង​ខេត្តព្រះសីហនុ ឱ្យមានការរីកលូតលាស់ដូចប្រទេសជិតខាង ដើម្បីលើកមុខលើកមាត់ខេត្ត ក៏ដូចជាប្រទេសជាតិផងដែរ ។

លោកបានបន្ថែមថា នេះជានាវាទេសចរណ៍ដែលទំនើបបំផុតនៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា កន្លងមកធ្លាប់តែឃើញនាវាទេស ចរណ៍បរទេសធុនធំចូលចតនៅកំពង់ផែ​ក្រុងព្រះសីហនុ តែពេលនេះយើងមាននាវារបស់ខ្មែរខ្នាតធំបម្រើភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិទៅលេងកម្សាន្តតាមកោះ ក្នុងការដឹកភ្ញៀវទេសចរទៅលេង​កម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុ ពិសេសប្រជុំកោះរ៉ុងសន្លឹម ។ លោកក៏បានអំពាវ​នាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសចូលរួមគាំទ្រក្រុមហ៊ុនកោះរ៉ុងដាយសឺនធឺរ  ដើម្បីឱ្យដំណើរការសេវាដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹកទទួលបានលទ្ធផលល្អ ។

លោក Sakip Catal  ជនជាតិតួគី និងជាភាគហ៊ុនជាមួយក្រុមហ៊ុន កោះរ៉ុង ដាយសឺនធឺរ បានឱ្យដឹងថា នាវាល្បឿនលឿននេះមានបណ្តោយ ៣៧ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្ពស់ ០៣ជាន់ អាចផ្ទុកភ្ញៀវបានរហូតដល់ ៤៥០នាក់  នៅលើនាវាមានកន្លែងកម្សាន្តជាច្រើនផង ដែរ។ លោកបានបន្ថែមទៀតថា នាវានេះ ​នឹងដាក់ឱ្យដំណើរការដឹកភ្ញៀវទេសចរជាតិ និងអន្តរ​ជាតិទៅកម្សាន្តតាមកោះចំនួន០៣ ក្នុងនោះ មានកោះរ៉ុង កោះកូន និងកោះរ៉ុងសន្លឹម ចាប់​ចេញ​ដំណើរនៅម៉ោង១០ព្រឹក និងត្រឡប់មកវិញម៉ោង ៦ល្ងាច៕

ដោយ ងូ សុមុនី