ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ណែនាំដល់ថ្នាក់ដឹកនាំក្រុង ស្រុក មេឃុំ ចៅសង្កាត់ ទាំងអស់ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានលឿន

AKP ព្រះវិហារ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩  — ឯកឧត្តមនាយឧត្តម សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ទាំងអស់ ត្រូវខិតខំបំពេញ​ការងារ​ដោយយកចិត្តទុកដាក់ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន​នៅមូល​ដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីបិទសន្និបាត​បូក​សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ​២០១៩ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងថា អាជ្ញាធរខេត្ដ ស្រុក ក្រុង ឃុំ សង្កាត់ ត្រូវមានការទទួលខុសត្រូវចំពោះ​ការងារ និងជំរុញសមាជិក សមាជិកា ក្រុមប្រឹក្សា ឱ្យបំពេញការងាររហូតដល់បោះ​ឆ្នោត​រួច​ហើយ ក្រុមប្រឹក្សាអាណត្តិថ្មី។

ឯកឧត្តមបានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលើក​កម្ពស់​ការ​ផ្តល់​សេវាតាមច្រកចេញតែមួយជូនប្រជាពលរដ្ឋ និងធ្វើការតាមដានថា សេវាទាំង​នេះ​​​អនុវត្តន៍​បានល្អប្រសើរ ត្រូវពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាឱ្យបានកាន់តែប្រសើរ ត្រូវធ្វើ​របាយការណ៍អំពីការដោះស្រាយបញ្ហាប្រឈមទៅថ្នាក់ក្រសួង និងត្រូវព្យាយាមក្នុងការ​ដោះ​ស្រាយបញ្ហាប្រឈមនានា និងដោះប្រកបដោយតម្លាភាព ត្រូវអប់រំប្រជាពលរដ្ឋអំពី​ប្រើ​ប្រាស់ទឹកឱ្យបានត្រឹមត្រូវ ព្រោះរដូវប្រាំងនេះនឹងអូសបន្លាយរយៈពេលយូរ ។ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៏បានអញ្ជើញជាកិត្តិយស​ផ្តល់ប័ណ្ណសរសើរដល់ឃុំ សង្កាត់ទាំង៥១ និងបំពាក់គ្រឿងឥស្សរយសជូនដល់មន្ត្រីផងដែរ ៕

ដោយ ទិត ស្រ៊