មន្ទីរពេទ្យបង្អែកខេត្តសៀមរាបប្រារព្ធពិធីខួបលើកទី១០៨ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩

AKP សៀមរាប ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ — មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រារព្ធពិធីខួបលើកទី១០៨ទិវាអន្តរជាតិនារី៨មីនា ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ។ លោកជំទាវ ទាង អេង ទៀ សីហា បានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកប្រធានបទ“លើកកម្ពស់សមភាព​យេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្នុងគោលបំណងរំលេច​ឱ្យឃើញកាន់តែច្បាស់ថែមទៀត ពីផែនការសកម្មភាពគន្លឹះ ការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម និងលើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះ​បាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍ ធនធានមនុស្សផងដែរ។

លោកជំទាវបន្តថា ក្នុងគោលនយោបាយលើកកម្ពស់សមភាព​យេនឌ័រ រាជរដ្ឋាភិបាលម្ពុជា បានជំរុញឱ្យគ្រប់អង្គភាព ស្ថាប័ន ចូលរួមគាំទ្រ សំដៅលើក​កម្ពស់​​សិទ្ធិសេរីភាព និងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ​អភិវឌ្ឍ​ជីវភាពសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្ត​ទុក​​ដាក់​ដល់ស្ត្រីជា​ទណ្ឌិត ដែលកំពុងជាប់ពន្ធនាគារ ដោយជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សា​អំពីការស្នើសុំបន្ធូរបន្ថយទោសដល់ពួកគាត់ផងដែរ ។

លោកជំទាវបានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប​ក៏បាន​ឱ្យអភិបាលរងខេត្តទទួលបន្ទុក និងស្នងការនគរបាលខេត្ត ត្រូវសិក្សាអំពីលទ្ធភាព ក្នុង​សុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្រ្តី ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តសៀមរាប បើទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពស្ត្រី ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តសៀមរាប គឺមាន​ភាពល្អប្រសើរ ដោយសារខាងពន្ធនាគារមានការយកចិត្តទុកដាក់ខ្ពស់ក៏ដោយ ប៉ុន្តែពួកគាត់​មួយចំនួនដែលមានកូនតូចៗ ហើយពួកគេមិនបានធ្វើអ្វីខុសសោះ បែរជាមកជាប់ឃុំជាមួយ​ម្តាយ ដែលនោះគឺជាបញ្ហាផ្លូវចិត្តមួយ សម្រាប់ស្ត្រីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ៕

ដោយ ឃុត សៅ