វិចារណកថា៖ សិទ្ធិនារី និងសមភាពយេនឌ័រ ជាសក្ខីភាពមួយនៃការយកចិត្តទុកដាក់លើសិទ្ធិមនុស្សជាសកលនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែ ខែមីនា ឆ្នាំ​២០១៩ — ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺនៅតែជាគោលការណ៍អទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាក់ស្តែងការប្រារព្ធពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី១០៨ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ​២០១៩ នៅថ្ងៃនេះ គឺជាភស្តុតាងដ៏ប្រត្យក្រនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើវិថីនៃការលើកតម្កើង និង ការពូនជ្រុំ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឋានៈជានាយករដ្ឋមន្រ្តី និង មន្រ្តីសំខាន់ៗនៅក្នុងរាជរដ្ឋាភិបាលតែងតែងមានសារ និង មានសកម្មភាព ជាប្រចាំនៅរៀងរាល់ពិធីសំខាន់ និង សកម្មភាពជាក់ស្តែងផ្សេងៗទៀតដែលបានរួមចំណែកដល់យុទ្ធនាការ និង វេទិកាលើកកម្ពស់សិទ្ធិនានា​ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីសិទ្ធិមនុស្សជាសកលនៅក្នុងប្រទេស ។

ដូចអ្វីដែលបានឃើញរួចមកហើយ កាលពីថ្ងៃទី០៥ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅនេះ ​សម្តេចតេជោ នាយករដ្ឋមន្រ្តី​ បានដឹកនាំមន្រ្តីរាជរដ្ឋាភិបាលចូលរួមពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី១០៨ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ​២០១៩ ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ។ នៅក្នុងពិធីនេះ សម្តេចតេជោ បានអំពាវនាវ​ឱ្យគ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន ​និង​ជនរួមជាតិ​ទូទាំងប្រទេស​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អនុវត្ត​​ចំណុច​សំខាន់ៗ​មួយចំនួនដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​កិច្ច​គាំពារ​សង្គមចំពោះស្រ្តីឲ្យកាន់តែ​មាន​ប្រសិទ្ធភាព​ និង​តម្លាភាព ។​

សម្តេចតេជោហ៊ុន សែន បានថ្លែងថាក្នុងន័យ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​កិច្ច​គាំពារ​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​តម្លាភាពជាពិសេសគឺសិទ្ធិមនុស្ស សម្តេចតេជោបាន​អំពាវនាវឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍ​សង្គម​ស៊ីវិល​ វិស័យ​ឯកជន ​និង​ជនរួមជាតិ​ទូទាំងប្រទេស​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អនុវត្ត​​ចំណុច​សំខាន់​សំខាន់មួយចំនួន ដែលរួមមាន ទី​១.​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​តា​មរយៈ​ការផ្ដល់​អាទិ​ភាព​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​នៅ​គ្រប់​វិស័យ ​និង​គ្រប់​កម្រិត​ទៅតាម​សមត្ថភាព​ដែលមាន​ ហើយ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ឱកាស​បំពេញការងារ​តាម​តួនាទី​របស់​ពួកគាត់ ។ ​ទី​២.​ត្រូវ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់ ​និង​ត្រូវ​ព​ន្លឿ​ន​ដំណើរការឱ្យបាន​ទាន់ពេលវេលា​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ហើយ​ត្រូវសហការគ្នា​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ស្ថិតិ​រួម​ជា​ផ្លូវការ​មួយ​ដែល​អាច​តាមដាន ​និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ។ ​ទី​៣.​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​ទាំងអស់​ឱ្យ​ពង្រឹង​ការអនុវត្ត​វិន័យ​ ទន្ទឹមនឹងនេះ​ត្រូវ​បន្ត​ផ្ដល់ឱកាស​ដល់​ក្មេងស្រីនៅក្នុងការទទួលបានការអប់រំ​គ្រប់​កម្រិត​ ។ ​​ទី​៤.​ក្រសួងមហាផ្ទៃ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​ព័ត៌មាន ​ត្រូវ​គ្រប់គ្រង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ទូទាំងប្រទេស​ឱ្យមានប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ការកេងប្រវ័ញ្ច​លើ​ស្ត្រី ​និង​ក្មេងស្រី​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ​និង​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​សង្គម​។​ និង​ទី​៥.​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​ក្រសួង​ព័ត៌មាន ​និង​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង ​និង​លើកកម្ពស់​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី​ និង​គ្រួសារ​ខ្មែរ ​តាមរយៈ​ការបង្កើត​កម្មវិធី​អប់រំ​ល្អ​ៗ ​ដើម្បី​បង្ហាញ​អំពី​អត្តចរិត​ស្ត្រី​ខ្មែរ​ ជាពិសេស​ការ​ស្លៀកពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ​ មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ ​សាក​សមជា​ប្រ​ទេស​ដែលមាន​អរិយធម៌​រុងរឿង​នៅ​គ្រប់​ជំនាន់ ។

ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ត្រូវបានប្រារព្ធឡើងនៅកម្ពុជាក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នេះជាច្រកមួយ ខណៈដែលមកដល់បច្ចុប្បន្ននេះ កម្ពុជាកំពុងតែបង្កើនការយកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងអស់នៃវិស័យសិទ្ធិមនុស្ស។ ក្រៅពីពិធីនេះ រដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ គឺសុទ្ធតែមានចែងដោយមានមូលដ្ឋាន ឬ ឈរលើមូល​ដ្ឋានចេញមកពីសេចក្តីថ្លែងការណ៍ជាសកលអំពីសិទ្ធិមនុស្ស ។

នេះគឺជាផ្នែកមួយ នៃការបន្តលើកកម្ពស់ និងការយកចិត្តទុកដាក់លើសិទ្ធិនារី ខណៈពេលដែលបច្ចុប្បន្ន​នេះ គម្លាតនៃសមភាពរបស់បុរស និងនារីកាន់តែរួមតូចរួចទៅហើយនោះ ។

យោងទៅតាមរបាយការណ៍ដែលចងក្រងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានឱ្យដឹងថា នៅក្នុង ចំណោមមន្រ្តីរាជការស៊ីវិលដែលមាននៅកម្ពុជាសរុបចំនួន ២១៧.១៧១ នាក់ ស្រ្តីគឺមានប្រមាណជា ៤១​ភាគរយ ឬ ចំនួនប្រមាណ ៨៨.៥៨០ រូប ។ ខណៈដែលស្រ្តីដែលបម្រើការនៅស្ថាប័នកម្រិតថ្នាក់ជាតិ មានចំនួន៣១​ភាគរយ នៃចំនួនមន្រ្តីសរុប ៤១.៤២០ រូប នៅថ្នាក់ក្រោមជាតិ មានស្រ្តី​ប្រមាណជា ៤៣​ភាគរយ ​នៃចំនួន​មន្រ្តីរាជការសរុប ចំនួន ១៧៥.៧៥១ រូប ។

ប្រភពដដែលបានបន្តថា រហូតដល់ចុងឆ្នាំ​២០១៨ ១០ភាគរយ ​នៃមន្រ្តីចំនួន២៣៧រូប ដែលស្ថិតនៅក្នុងតំណែងអគ្គនាយក ជាស្រ្តី អគ្គនាយករង មានចំនួន១៤​ភាគរយ ​នៅក្នុងចំណោមមន្រ្តី ៨៣៤  រូប។ ថ្នាក់ប្រធាននាយកដ្ឋាន ស្រ្តីមានចំនួន១០ភាគរយ​ អនុប្រធាននាយកដ្ឋាន ២១​ភាគរយ ប្រធានការិយាល័យ ២២​ភាគរយ និង​អនុប្រធានការិយាល័យ ៣១​ភាគរយ ។ ដោយឡែក ចំពោះការអប់រំវិញ តួលេខបានបង្ហាញថា ស្រ្តីដែលបានទទួលសញ្ញាបត្របណ្ឌិតមាន ១៧ រូប អនុបណ្ឌិតមានចំនួន ២៧,៤៨ ភាគរយ បរិញ្ញាបត្រមានចំនួនប្រមាណជា៤៦,៧៥​ភាគរយ ហើយបរិញ្ញាបត្ររងវិញ គម្លាតគឺកាន់តែរួមតូច គឺ​ប្រមាណជា ៤៨,៧៥ ភាគរយ ។ ដោយឡែកនៅក្នុងជួរថ្នាក់ដឹកនាំវិញ ទោះបីជានៅមានគម្លាត ប៉ុន្តែរាជរដ្ឋាភិបាលតាមរយៈអនុសាសន៍ខាងលើក៏កំពុងតែបង្កើនការកាត់បន្ថយគម្លាត។  

ទាំងនេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទិននឹងសិទ្ធិនារី ដែលជាមាតាពិភពពលោក។​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន និងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត​ និង ជំរុញ ក្នុងគោលបំណងអនុវត្តន៍នូវគោលនយោបាយជាតិគាំពារសង្គម ដែលធានាបាននូវបរិយាប័ន្ន និងសមធម៌ឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋគ្រប់រូប ដែលបានចែងអំពីសិទ្ធិ និងកាតព្វកិច្ចអត្ថប្រយោជន៍ ។

ជាការពិតនេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរកម្ពុជា និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់ កម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាសិទ្ធិនេះ គឺត្រូវតែស្ថិតនៅក្រោមច្បាប់ ហើយប្រទេសណា ក៏​មានដែរដើម្បីធានាសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក៏ដូចជាទប់ស្កាត់ការរំលោភបំពាន និង ប៉ះពាល់ដល់សិទ្ធិអ្នកដទែ ។​

ការគោរព និងពូនជ្រុំ ស្រោចទឹក ដើម្បីឲ្យសិទ្ធិមនុស្សរីកចម្រើននៅកម្ពុជា គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តវាមិនអាចដើរត្រូវទៅតាមការសម្រេចចិត្ត និងការប្តេជ្ញាចិត្តបាន១០០​ភាគរយតាមការចង់បាននោះទេ ។ ជាទូទៅ ការនិយាយ ការប្តេជ្ញាចិត្ត ​វាគឺជារឿងដែលងាយស្រួល​ ជាងការអនុវត្ត ពីព្រោះនៅពេលដែលអនុវត្ត វាជៀសមិនផុតឡើយនៅការប៉ះនេះ ប៉ះនោះ ដូច្នេះហើយបានជា នៅកម្ពុជាយើង នៅតែឃើញមានរបាយការណ៍អំពីបញ្ហានៃការរំលោភសិទ្ធិមនុស្សនេះ នៅសេសសល់ ហើយដែលបានឃើញរហូតដល់សព្វថ្ងៃ ប៉ុន្តែតាមរយៈអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”  យើងរំពឹងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានឹងកាន់តែប្រសើរថែមទៀត​ ពីមួយឆ្នាំទៅមួយឆ្នាំ ។

សរុបមកវិញ ឆ្លងតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាល និង ទស្សនៈយោបល់ ក៏ដូចជាការគាំទ្រពី ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ដែលបានរួមចំណែកលើការអភិវឌ្ឈ ការអប់រំ សិទ្ធិមនុស្ស និង សកម្មភាពផ្សេងៗទៀត ស្ថានភាពនៃការគោរពនៅកម្ពុជានឹងកាន់តែត្រូវបានពង្រឹង ដើម្បីជាយន្តការមួយ លើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ។

ដោយ ហេង បញ្ញា