ក្រសួងព័ត៌មាន នឹងចាប់ផ្ដើមបង្កើតក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងនឹងចាប់ផ្ដើមបង្កើតក្រុមការងារពិសេស​ដើម្បីរៀបចំសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន សម្រាប់ឆ្លើយតបទៅនឹង​ការវិវឌ្ឍតាមស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា ក្រុមការងារពិសេសនេះ នឹងរៀបចំបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការសិក្សាពីធាតុចូលសំខាន់ៗ នៃច្បាប់ពាក់ព័ន្ធ ដោយធ្វើយ៉ាងណាឱ្យច្បាប់ស្តីពីរបប សារព័ត៌មាននេះ កាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមបន្តថា ក្រសួងព័ត៌មាន មិនទាន់​កំណត់ថា មាត្រាណាខ្លះនៅក្នុងច្បាប់មួយនេះ នឹងត្រូវធ្វើវិសោធនកម្មនោះទេ ដោយរង់ចាំ ក្រុម​ការងារធ្វើការពិនិត្យ និងពិភាក្សាជាមុនសិន។ ឯកឧត្តមបានបន្ថែមថា ក្រសួងមិនទាន់ កំណត់ពេលវេលាជាក់លាក់ថាតើនឹងត្រូវបញ្ចប់ការធ្វើវិសោធនកម្មច្បាប់មួយនេះនៅពេលណានោះទេ ដោយរង់ចាំការសិក្សាពិគ្រោះយោបល់ឱ្យគ្រប់ជ្រុងជ្រោយសិន។

សូមបញ្ជាក់ថា ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥​មកម្ល៉េះ ហើយច្បាប់មួយនេះមានចំនួន៥ជំពូក និង២១មាត្រា។ ក្នុងច្បាប់ស្ដីពីរបបសារព័ត៌ មាននេះ បានកំណត់ពី​របបសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយឱ្យ​បានសម​ស្របតាមមាត្រា៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា៕

ដោយ ចាន់ សុធីវង្ស