ក្រុមហ៊ុន បញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើង NIKE កំពុងស្វែងរក ការពង្រីកទីផ្សារបន្ថែមនៅកកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៩ — តំណាងក្រុមហ៊ុន NIKE ពិភពលោក ដែលជាអ្នកបញ្ជាទិញដ៏ធំលើផលិតផលសម្លៀកបំពាក់ និងស្បែកជើងនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា វិស័យវាយភណ្ឌក្នុងប្រទេសកម្ពុជា មានរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យក្រុមហ៊ុនឈានទៅស្វែងរកការពង្រីកទីផ្សារ បន្ថែមនៅកម្ពុជា។ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោក គ្រីស ហ៊ែលហ្សឺ (Chris Helzer) តំណាង និងជាអនុប្រធាន ក្រុមហ៊ុន NIKE ទទួល បន្ទុកពាណិជ្ជកម្មសកល និងកិច្ចការរដ្ឋាភិបាល បានបង្ហាញពីមោទនភាព ដែលក្រុមហ៊ុនអាច បង្កើតការងារជូនប្រជាជនកម្ពុជាបានចំនួន ៤៥.០០០នាក់ តាមរយៈការបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងពីរោងចក្រជាដៃគូ ចំនួន៧។ លោកបានបន្ដថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុង ស្វែងរកឱកាសពង្រីកនៅក្នុងប្រទេស កម្ពុជាបន្ថែមទៀត ដើម្បីនាំភាពជោគជ័យជូនប្រជាជនកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍ និងថ្លែង អំណរគុណ ក្រុមហ៊ុន NIKE ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបាន លើកឡើងអំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តន៍កម្មវិធីកំណែ ទម្រង់របស់រាជរដ្ឋាភិបាល, ការចរចាធ្វើពិពិធកម្មទីផ្សារ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្ម សេរី និងការចុះកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសដៃគូអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន បញ្ជាក់ជូនដល់តំណាង ក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបន្ត លើក ស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការកាត់ បន្ថយការិយាធិបតេយ្យ, ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, ការកាត់ បន្ថយតម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគ ធំៗ ជាដើម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង អឺរ៉ុប គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ក្នុង វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយការនាំចេញផលិតផលកាត់ ដេរ សម្លៀកបំពាក់ និងស្បែកជើងក្នុងរយៈពេល៦ ខែឆ្នាំ២០១៨ នេះ មានកំណើនប្រមាណ ១១.១ ភាគរយ ខ្ពស់ជាងឆមាសទី១ ឆ្នាំ២០១៧ ដែលមានត្រឹមតែ៧ ភាគរយ។ នេះបើតាម របាយការណ៍ ឆមាសទី ១ របស់ធនាគារជាតិនៃកម្ពុជា៕

ដោយ ម៉ៅ ចរិយា