អាជ្ញាធរខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិនារី០៨ មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩

AKP សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំប្រារព្ធ ទិវាអន្ដរជាតិនារី៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ ការគាំពារសង្គមដើមី្បអភិវឌ្ឍន៍ធនធានមនុស្ស» នៅសាលមហោស្រពអង្គរខេត្តសៀមរាប។ ដោយមានអ្នកចូលរួមសរុបប្រមាណជា៧០០នាក់។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមាន ប្រសាសន៍ថា ស្ត្រីបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ការអប់រំនៅក្នុងក្រុម គ្រួសារ និងសង្គម។ ទិវាអន្តរជាតិនារី៨មីនា គឺជាការលើកកម្ពស់សមភាពយេនឌ័រ ការគាំពារសង្គម និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួង ស្ថាប័ន កំពុងអនុវត្តន៍ ដើមី្បប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី និងយុវវ័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ជួយជំរុញនូវកំណើនសេដ្ឋកិច្ច រក្សានូវ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម និងលើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូរ និងសីលធម៌ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានគាំទ្រទៅលើប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ ការគាំពារសង្គមដើមី្បអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេចនិងវាយតម្លៃ ពីសន្តិភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ និងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រីដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ សន្តិភាព  ជីវភាពឋានៈ តួនាទី របស់ស្ត្រីក៏ដូចជាសុខុមាល ភាពសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពនិងសមត្ថភាព។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លំាង ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងពង្រឹងភាព អង់អាចដល់ស្ត្រីនិងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍ សង្គមនិងសេដ្ឋកិច្ច។

ឯកឧត្តមអភិបាលខេត្តបន្តថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវការងារលើកកម្ពស់សមភាពយេនឌ័រនិងការពង្រឹងដល់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគឺជាវិស័យអាទិភាពដាច់ដោយឡែក ក៏ដូចជាការងារអាទិភាពជាអន្តរវិស័យផងដែរ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានធ្វើឱ្យ ប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិងរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ព្រមទាំងសំដៅលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌របស់ប្រជាពលរដ្ឋដោយបានបង្កើត គណៈកម្មាធិការជាតិលើកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ដែលមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ រួមទាំងប្រពៃណីនិងវប្បធម៌ល្អផូរផង់របស់កម្ពុជាយើងផងដែរ។

ឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់ និងរម្លឹកផងដែរ នូវកិច្ចខិតខំប្រឹងប្រែងតស៊ូ ជម្នះគ្រប់ឧបសគ្គលំបាករបស់ស្ត្រីកម្ពុជា និងបានធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ ឋានៈតួនាទី ជីវភាពរស់នៅរបស់ស្ត្រីកម្ពុជា ក៏ដូចស្ត្រីលើពិភពលោក ដោយបានប្តេជ្ញារួមគ្នា ឆ្ពោះទៅសម្រេចបំណងប្រាថ្នា ព្រមទាំងបង្កើត នូវសមធម៌ដល់ស្ត្រីឱ្យ ទទួលស្គាល់សមភាពយេនឌ័រ រវាងស្ត្រីនិងបុរស ក្នុងគ្រប់ទិដ្ឋភាព នយោបាយសង្គម  សេដ្ឋកិច្ច សង្គមកិច្ច និង សិទ្ធិពេញលេញ ក្នុងតម្លៃជាមនុស្សជាតិ ឈានចូលរួមក្នុងភាពដៃគូ មិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ៕

ដោយ ឃុត សៅ