មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ៖ មិនទាន់ទទួលព័ត៌មាន សម្រាប់កិច្ចព្រមព្រៀង​សាង​សង់ស្ពាន​ស្វាយជ្រុំ ក្នុងដំណើរទស្សនកិច្ចប្រធានាធិបតី​កូរ៉េមក​កម្ពុជា​នោះទេ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតិកូរ៉េខាងត្បូងមកកាន់កម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះ គឺក្រសួងនៅមិនទាន់ទទួលព័ត៌មាន ឬក៏មាន​កិច្ចព្រមព្រៀងជាមួយភាគីកូរ៉េក្នុងការសាងសង់ ស្ពានឆ្លងទន្លេមេគង្គ ពីតំបន់​ជ្រោយ​ចង្វារ​ទៅកាន់តំបន់ស្វាយជ្រុំនោះទេ។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រហូត មកដល់ពេលនេះ នៅមិនទាន់ទទួលព័ត៌មានស្ដីពីកិច្ចព្រមព្រៀងសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គ តំបន់ស្វាយជុំខាងលើនេះនៅឡើយទេ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមបានបង្វែរឱ្យ​ទៅមើលសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវិញ ជុំវិញដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មួន ចេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលនឹងអញ្ជើញមកកាន់កម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងភាគីកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយចំនួន។ ប៉ុន្តែក្រសួងការបរទេសមិនបានបញ្ជាក់លម្អិតថា កិច្ចព្រម​ព្រៀងអ្វីខ្លះដែលថ្នាក់ដឹកនាំប្រទេសទាំងពីរនឹងត្រូវចុះហត្ថលេខានោះទេ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំនេះ ត្រូវបានភាគីចិន សិក្សា​ចប់​ម្តងរួចហើយ ប៉ុន្តែបច្ចុប្បន្ន គម្រោងនេះ គឺស្ថិតក្រោមការសិក្សាគម្រោងរបស់ភាគី​ប្រទេសកូរ៉េវិញ​ម្តង។

កន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គម្រោងសាងសង់​ស្ពាន ភ្ជាប់រវាងតំបន់ក្តីតាកុយ ភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ និងពីផ្លូវកែវចិន្តា នាតំបន់ជ្រោយចង្វារ ភ្ជាប់ទៅកាន់តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល ដែលនឹងធ្វើ ឡើងនៅក្នុងអំឡុងឆ្នាំ២០១៩នេះ៕

ដោយ ចាន់ សុធីវង្ស