រដ្ឋបាលខេត្តបន្ទាយមានជ័យ​ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — រដ្ឋបាលខេត្តរួមជាមួយមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី0៧ ខែមីនា ឆ្នាំ២០១៩នេះបាន ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ក្រោម ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» នៅសាលាខេត្តក្រោមវត្តមានលោកជំទាវ​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ​ព្រម​ទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការស្ត្រី តាមអង្គភាពជុំវិញខេត្តកងម្លាំងប្រដាប់អាវុធ​ចូលរួម​ប្រមាណ៥០០នាក់។​ ថ្លែងក្នុងឱកាសនោះឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក៏បាន​មាន ប្រសាសន៍ថា បងប្អូនស្ត្រីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍដែលជា ឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងសង្គមជាតិក៏ដូចក្នុងគ្រួសារផងដែរ។ ដោយកត្តាទាំងនេះហើយ ដែលធ្វើ​ឱ្យបង ប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំង ធ្វើការ ប្រឆាំងដាច់ខាតនូវរាល់ឧបាយកល លិ្បចបោកបញ្ឆោត របស់ក្រុមជនណា ដែលមាន មហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសុខសន្តិភាពនៅកម្ពុជាដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ។

​ ឯកឧត្តមអភិបាលខេត្តលើកឡើង ពីប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រ  ជំរុញឱ្យមាន ការចូលរួមពីគ្រប់ស្ថាប័នរួមទំាងបុរសទាំងស្រ្តីដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើ​កកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិ​វិធី។

ឯកឧត្តមសួនបវរបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តនឹងបន្តធ្វើកិច្ចការជាច្រើន បន្ថែមទៀត​ ដើម្បីជួយលើកស្ទួយដល់ស្រ្តីទាំងអស់នៅក្នុងខេត្ត​ឱ្យកាន់តែប្រសើរឡើង​​ថែមទៀត៕4

ដោយ ឈុន សារ៉ាត