រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបនាយកប្រតិបត្តិគម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — ប្រភពពីក្រសួងកសិកម្មបានឱ្យដឹងថា លោក Jaing Feng Zhang នាយកប្រតិបត្តិ គម្រោងផ្នែកកសិកម្ម និងធនធានធម្មជាតិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ដើម្បីស្នើសុំការណែនាំ បន្ថែមពី​ឯកឧត្តមរដ្ឋមន្ត្រីទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីយកទៅកែលម្អ បំពេញ​​​បន្ថែមនូវរាល់ចំណុចខ្វះខាតរបស់គម្រោង ដែល ADB បានជួយកន្លងមក និងជា​ សេចក្តីត្រូវការជាអាទិភាពរបស់ក្រសួង ដើម្បីអភិវឌ្ឍន៍លើអនុវិស័យនីមួយៗ និងផែនការ​​​យុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ADB ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមបាន គូសបញ្ជាក់ថា គោលដៅរបស់ក្រសួងរយៈពេល កន្លងមកគឺផ្តោតជាសំខាន់លើការផលិតស្រូវ និងការនាំចេញ ដោយឡែកក្នុងបរិបទថ្មី នៃកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចំនួនប្រជាជន ទេសចរណ៍ និងតម្រូវការនៃទីផ្សារបានតម្រូវឱ្យក្រសួងពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាព នៃគោលដៅរបស់ខ្លួនមកផ្តោត លើការធ្វើកសិកម្មចម្រុះ និងផលិតផលដែលមានសក្តានុពល ខ្ពស់ដូចជាដំឡូងមី ពោត ស្វាយចន្ទី និងជាពិសេសសាកវប្បកម្មធ្វើយ៉ាងណាជួយ ប្រជាកសិករបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅស្របតាមបរិបទថ្មីនេះ។
ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបាន ស្នើឱ្យ ADB ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រលើការបំពេញ ខ្សែសង្វាក់ តម្លៃផលិតកម្ម ដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹង ការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូន ប្រកបដោយជំនាញ បច្ចេកទេស និងការធានាដល់គុណភាព សុវត្ថិភាពទាំង អនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំ ចេញវត្ថុធាតុដើម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យ ADB ពិនិត្យពិចារណារៀបចំគម្រោង អភិវឌ្ឍន៍អនុវិស័យជលផល ផ្នែកវារីវប្បកម្មនិងការកែច្នៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ឈានទៅដល់បង្កើនការនាំចេញ និងជាពិសេសកាត់បន្ថយការពឹងអាស្រ័យលើ ធនធានធម្មជាតិ។ ពាក់ព័ន្ធនឹងអនុវិស័យផលិតកម្មសត្វ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើក ពីចំណុចសំខាន់នៃផលិតកម្មគោ ដោយផ្តោតលើការបង្កាត់សប្បនិមិត្តពូជគោដែលកំពុង មានសក្តានុពលលើទីផ្សារ ហើយដែលជាប្រភពចំណូលសម្រាប់កសិករ នៅជនបទយ៉ាង រឹងមាំ។ ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធគាំទ្រដែលសំដៅជាពិសេស លើការប្រើប្រាស់ ទឹកបៃតង ផ្ទះកញ្ចក់ ការធ្វើទំនើបកម្មកសិកម្ម ដែលជាគន្លឹះដ៏សំខាន់ជួយ បំពេញបន្ថែមខ្សែ សង្វាក់ផលិតកម្ម តម្លៃបន្ថែម និងផលិតភាពដើម្បីផ្គត់ផ្គង់ទីផ្សារទាំង ក្នុងស្រុកនិងនាំចេញ។

ជាការឆ្លើយតប លោក Jaing Feng Zhang សូមឯកភាពលើការលើក ឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយពិតជាល្អនិងសំខាន់សម្រាប់រូបលោក និងសហការីយកទៅពិនិត្យ ពិចារណាផ្តល់ការគាំទ្រ និងជាពិសេសបញ្ចូលក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មីដែល ADB កំពុងចងក្រងសម្រាប់កម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា ADB នឹងបន្តផ្តល់ការ គាំទ្រមកក្រសួងកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យនេះកាន់តែមានភាពរីកចម្រើនថែមមួយ កម្រិតទៀត៕

ដោយ សេង សុវណ្ណនី (រូបថត ៖ ក្រសួងកសិកម្ម)