កម្ពុជាស្នើឱ្យបារាំងជួយបណ្តុះបណ្តាលជំនាញការគ្រប់គ្រងល្បែងកាស៊ីណូ ដល់សមត្ថកិច្ចនគរបាលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — អគ្គស្នងការនគរបាលជាតិកម្ពុជា បានស្នើឱ្យអនុព័ន្ធសន្តិសុខបារាំងប្រចាំទីក្រុងហាណូយ ទទួលបន្ទុកវៀតណាម កម្ពុជា និងឡាវ​ ជួយបណ្តុះបណ្តលមន្រ្តីនគរបាលកម្ពុជាលើការងារ គ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្រុមហ៊ុនកាស៊ីណូ ដើម្បីពង្រឹងមន្រ្ដីជំនាញឱ្យមានសមត្ថភាពខ្ពស់​លើការងារគ្រប់គ្រងក្នុងវិស័យនេះ។ក្នុងជំនួបពិភាក្សាការងារជាមួយ លោក OLIVIER LEFEBVRE អនុព័ន្ធសន្តិសុខបារាំងប្រចាំទី ក្រុងហាណូយ ទទួលបន្ទុកប្រទេសវៀតណាម កម្ពុជា ឡាវ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា មន្ដ្រីនគរបាលជំនាញដែលកម្ពុជាចង់​ឱ្យភាគី​បារាំងជួយនោះរួមមាន សន្តិសុខសណ្តាប់ធ្នាប់ក្នុងការស៊ីណូ និងបច្ចេកទេសល្បែង​ដែលជារឿងថ្មី សម្រាប់ទាមទារឱ្យមានការពង្រឹងធនធានមនុស្ស ដែលអាចទទួលការបំប៉ន តាមរយៈពេលខ្លី ឬវែង។

ជាការឆ្លើយតប លោក OLIVIER LEFEBVRE បានស្វាគមន៍ចំពោះការចែករំលែក បទពិសោធន៍ និងជំនាញបច្ចេកទេសពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលបច្ចុប្បន្នកំពុងតែ គ្របដណ្តប់លើជុំវិញពិភពលោក ជាពិសេស គឺស្ថិតនៅប៉ែកអាស៊ី។ លោកបានបន្ដថា បារាំង ក៏បានអញ្ជើញនគរបាលជាតិកម្ពុជាទៅសិក្សាជំនាញនៅប្រទេសបារាំងផងដែរ ដោយសារតែ បញ្ហានេះ ជាបញ្ហាសំខាន់ ហើយភាគីបារាំងក៏នៅតែបន្តជួយតាមការស្នើសុំពីភាគីនគរបាល កម្ពុជា៕

ដោយ ចាន់ សុធីវង្ស