អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែល ដាក់ឱ្យជន ជាប់ឃុំប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ — បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាមិនឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនៅក្នុងពន្ធនាគារនៅទូទាំងប្រទេសរួចមក អគ្គនាយកដ្ឋានពន្ធនាគារបានប្រកាសបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ ទូរស័ព្ទដែលដាក់ឱ្យជនជាប់ឃុំប្រើប្រាស់ ដោយរង់ចាំនូវបទបញ្ជាថ្មី។

ក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ បានគូសបញ្ជាក់ថា ការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដែលដាក់ ឱ្យ​ជនជាប់ឃុំប្រើប្រាស់នេះ គឺចាប់អនុវត្តន៍ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ តទៅ។

អគ្គនាយកដ្ឋានពន្ធនាគារ បានសង្កត់ធ្ងន់ថា “ករណីរកឃើញទូរស័ព្ទដែលបំរុងនាំចូល ឬរក​ឃើញទូរស័ព្ទក្នុងពន្ធនាគារ ត្រូវធ្វើកំណត់ហេតុដកហូតរក្សាទុក”។ លើសពីនេះទៀត ចំពោះ ជនប្រព្រឹត្តបទល្មើស ត្រូវមានវិធានការតាមផ្លូវច្បាប់ដូចដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ កម្ពុជា ព្រមជាមួយនឹងការដាក់វិន័យតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។

ជាមួយគ្នានេះដែរ  ត្រូវបង្កើនការបង្ការ ទប់ស្កាត់រាល់ការលួចលាក់នាំចូលទូរស័ព្ទ​ចល័តចូល មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ និងពង្រឹងការត្រួតពិនិត្យ ឆែកឆេរ ដកហូតទូរស័ព្ទក្នុង មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។

អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានណែនាំឱ្យរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការ ចាត់តាំងអនុវត្តន៍ការណែនាំនេះ តាមរយៈរបាយការណ៍ប្រចាំថ្ងៃមកអគ្គនាយកដ្ឋានពន្ធនាគារ ផងដែរ៕

ដោយ ចាន់ សុធីវង្ស