ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រារព្ធខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារីក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ” កាលពីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការជាច្រើននាក់ទៀត ។

លោកជំទាវ តុង ណារី បានមានប្រសាសន៍ថា ទិវាអន្តរជាតិនារីឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ” ប្រធានបទនេះ ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព ស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាសក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នុងសង្គម ឱ្យមានកម្រិត ខ្ពស់។

លោកជំទាវបានបន្តទៀតថា ការប្រារព្ធទិវានេះឡើង គឺដើម្បីរម្លឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាព រវាងបុរស និងស្រ្តីនៅក្នុងសង្គម ។ ប្រធានបទមួយនេះ គឺសម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសមាន​សន្តិភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោក ។

លោកជំទាវបានបញ្ជាក់ទៀតថា ស្ត្រីជាមាតានៃសង្គម ស្ត្រីមានសារៈសំខាន់ចំពោះប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ហើយប្រព័ន្ធទាំង២នេះ ឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានជំនាញ និងចំណេះដឹង ស្របទៅតាមការវិវឌ្ឍរបស់សង្គម សុខុមាភាពសម្រាប់ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលវ័យចំណាស់ ។ នេះជាលទ្ធផលដ៏វិជ្ជាមាននៃការអ​នុវត្តគោ​លន​យោ​បាយជាតិ ដែលធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពនយោ បាយ និងកំណើនសេដ្ឋកិ​ច្ចខ្ពស់នាំមកនូវភាពរីកចម្រើនថ្កុំថ្កើងនៅពេលនេះ។

លោកជំទាវ តុង ណារី បានអំពាវនាវដល់មន្រ្តីជាស្រី្ត ត្រូវតែពង្រឹងសមត្ថភាព ក្នុងការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាអ្នកដឹកនាំ ពោរពេញដោយសមត្ថភាព ទន្ទឹមនឹងនោះត្រូវចូលរួមធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្រ្តី ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ។

នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីនេះ លោកជំទាវ និងក្រុមការងារ បានរៀបចំវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិកសមាជិកាដែលបានអញ្ជើញចូលរួមចំនួន ៧០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ក្រមា១ និងថវិកា ១ម៉ឺនរៀលផងដែរ ៕

ដោយ បៃ ស៊ីថុន