អត្រាកុមារមានជំងឺគ្រុនឈាមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាមានការកើនឡើង

AKP សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -លោកសាស្រ្តាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្មន័ទី៧ខេត្តសៀមរាប​ បានឱ្យដឹងកាលពី​រសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ថិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ថា នៅ​ក្នុង​អំឡុងខែមករាឆ្នាំ២០១៩នេះ​អត្រាកុមារមាន​ជំងឺគ្រុនឈាម​ ដែលបានមកសម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរគន្ធបុប្ផាខេត្តសៀមរាប​នេះមានការកើនឡើងគួឱ្យព្រួយបារម្ភ។ លោកបាន​បន្តថា កាលពីខែមករាឆ្នាំ២០១៨កន្លងទៅកុមារមាន​ជំងឺគ្រុនឈមមកសម្រាក​ព្យាបាលនៅមន្ទីរពេទ្យនេះមាន​តែប្រមាណ៥០នាក់​ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខែ​មករាឆ្នាំ២០១៩នេះ គឺ​កុមារមាន​ជំងឺគ្រុនឈាមមកសម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យគន្ធបុប្ផា​មាន​ចំនួនប្រមាណ ៦៥០នាក់ដែលមាន​កើនឡើងរហូតទៅដល់១១ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកសាស្រ្តាចារ្យបានបញ្ជក់ថា កុមារដែលមាន​ជំងឺគ្រុនឈាម ហើយបាន​មក​សម្រាកព្យាលនៅ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផានេះ ភាគច្រើន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែលករណីខ្លះស្ទើរតែជួយសង្គ្រោះមិនបាន។ លោកសាស្រ្តាចារ្យអំពាវនាវឱ្យប្រជាពលរដ្ឋទាំង​អស់ ឬមាតាបីតាត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ បើសិនឃើញកូនក្តៅខ្លួនខ្លាំងក្នុងរង្វង់៣៩ទៅ៤០អង្សាសេ ដាក់ថ្នាំប៉ារ៉ាមិនត្រជាក់ប្រញាប់មកកាន់មន្ទីរពេទ្យ កុំទុកឱ្យកូនឈឺធ្ងន់ខ្លាំងដុនដាបហើយទើបយកមកពេទ្យនោះ។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​បាន​ឱ្យដឹងដែរថា ឆ្នាំនេះគឺពិតជាប្លែកជាងឆ្នាំមុនមែនព្រោះថា ជារៀងរាល់ឆ្នាំនៅក្នុងខែនេះស្ថានភាពជំងឺគ្រុនឈាមត្រូវបានថយចុះ ប៉ុន្តែសម្រាប់ឆ្នាំនេះបែរជាមាន​កើតឡើងច្រើនគួរឱ្យព្រួយបារម្ភ។

លោកបានបញ្ជាក់ថា នៅ​ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គឺមាន​អ្នកជំងឺគ្រុនឈាមនេះ មកសម្រាកព្យាបាលភាគច្រើនមកពីតាមបណ្តាស្រុក ហើយសុទ្ធតែធ្ងន់ៗទៀត។ ដោយក្នុង១ថ្ងៃយ៉ាងហោចណាស់ក៏មាន២ទៅ៣ករណីដែរ ដែលបានចូលមកសម្រាកព្យាបាល។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីក្រើនរម្លឹកស្តីអំពី វិធានការការពារជំងឺគ្រុនឈាម ដើម្បីទប់ស្កាត់នូវជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៩។ ជំងឺគ្រុនឈាម ជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ហើយរោគសញ្ញានៃជំងឺគ្រុនឈាមគឺ​ ២ ទៅ ៣ថ្ងៃ​ក្រោយ​ពី​មូស​ខ្លា​ញីខាំ​​ អ្នក​ជំងឺ​មាន​ក្ដៅ​ខ្លួន​ពី ៣៩ ទៅ ៤០អង្សា​សេ អម​ដោយ​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ដូច​ជា​ មុខ​ក្រហម​ ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅ​ក្រោយ​ ឈឺ​ក្បាល​ ចង់​ក្អួត ​ឬ​ក្អួត ឈឺ​ពោះ ឈឺ​សាច់​ដុំ ឈឺ​សន្លាក់​ដៃ​ជើង​ ស្នាម​អុច​ៗ​ក្រហម​លើ​ស្បែក ឬ​មាន​ហូរឈាម​តាម​អញ្ចាញ​ធ្មេញ​ជា​ដើម។ ​​ដើម្បី​ការ​ពារ​ និង​ទប់​ស្កាត់​​​នូវ​ជំងឺ​គ្រុនឈាម​ក្នុង​ឆ្នាំ២០១៩នេះ ក្រសួង​សុខាភិបាលបាន​ណែនាំ​​វិធានការ​​ ៣ មានដូចជា ទី១-ត្រូវ​កម្ចាត់​ដង្កូវ​ទឹក​នៅ​តាម​កន្លែង​ទឹក​ដក ឬ វត្ថុ​សម្រាប់​ដាក់​ទឹក​ ដូច​ជា​ពាង​ទឹក អាង​ទឹក​ ថូ​ផ្កា​ ចាន​ទ្រ​ជើង​តុ​ទូ ក្រឡ ធុង ជា​ដើម ដោយ​មាន​ការផ្លាស់​ប្ដូរ​ទឹក និង​លាង​សម្អាតរបស់​ទាំង​នោះ ជាប់​ជា​ប្រចាំយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ ឬត្រូវ​គ្រប​គម្រប​ឱ្យ​បាន​ជិត​ល្អ និងដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវ​ទឹក ឬចិញ្ចឹម​កូន​ត្រី​ ៧ពណ៌​នៅ​កន្លែង​អាច​ចិញ្ចឹម​បាន។ សម្ភារដក់​ទឹក​ដែល​មិន​ប្រើ​​ ត្រូវ​កប់ ឬដុត​ ឬ​ទុក​ផ្កាប់​កុំ​ឱ្យ​មាន​ដក់​ទឹក។ទី២ – អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​ដែល​ប្រកប​របរ​ពាក់​ព័ន្ធ​សម្បក​កង់​ ត្រូវ​ធ្វើ​ការ​គ្រប់​គ្រង​សម្បក​កង់​ទាំង​នោះ​ឱ្យ​ចៀស​ផុត​ពី​ការ​ដក់​ទឹក។ ទី៣ – ក្នុង​ករណី​​មាន​រោគ​សញ្ញា​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ​ចៀសវាង​ការ​ប្រើ​ប្រាស់​ពពួក​ឱសថ​អាស្ពីរីន ហើយ​ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ​ ដែល​នៅ​ជិត​បំផុត​(មិន​ឱ្យ​យឺត​ជាង​៧២ម៉ោង​បន្ទាប់​ពី​ក្ដៅ​ខ្លួន) ហើយ​កុំ​សាក​ល្បង​ព្យា   បាល​អ្នក​​ជំងឺ​គ្រុន​ក្ដៅ​ភ្លាមៗ​ដោយ​ខ្លួន​ឯង ឬ​ពន្យារ​ពេល​តាមដាន​​​ព្យាបាល​ជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​ជំនាញ​ច្បាស់​លាស់​ ព្រោះ​ជំងឺ​គ្រុន​ឈាម​អាច​សម្លាប់​អ្នក​ជំងឺ​បាន​គ្រប់​ពេល។ ក្រៅ​ពី​វិធានការ​ទាំង៣ខាង​លើ​ក្រសួង​សុខាភិបាល​ក៏​បាន​ណែនាំ​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​បាញ់​មូស​ជា​ញឹក ញាប់​ផង​ដែរ ដើម្បី​កម្ចាត់​ចោល​មូស​គ្រប់​ប្រភេទ​៕

​​​​​​​ដោយ ឃុត សៅ