ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បិទ​សន្និបាត​បូកសរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩

AKP កំពង់ចាម ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -នា​រសៀល​ថ្ងៃ​ពុធ ១​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាមបានធ្វើ​ពិធី​បិទ​សន្និបាត​បូកសរុប​សភាពការណ៍ កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ប្រចាំ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ ឆ្នាំ​២០១៩ក្រោម​អធិបតីភាពឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី អគ្គ​ស្នងការ​រង​នគរបាលជាតិ តំណាង​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​ ដោយមានសមាជិកសមាជិកាជាមន្រ្តី ស្នងការ​នគរ​បាល​ខេត្ត ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ​ប្រធាន​សាលាដំបូង​ខេត្ត ​ព្រះរាជអាជ្ញា ​ប្រធាន អនុប្រធាន​មន្ទីរជុំវិញខេត្ត លោក លោកស្រី​ជាអភិបាល អភិបាលរងក្រុង ស្រុក ​អធិការ អធិការរងរង​​ក្រុង​-​ស្រុក និង នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​-​សង្កាត់ ប្រមាណជាង ៣០០​នាក់​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​កោត​សរសើរ​ចំពោះ​ស្នងការ​នគរ   បាល​ខេត្តកំពង់ចាម ដែល​បាន​ដឹកនាំ​កងកម្លាំង ក្នុង​ការងារ​រក្សា​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ក្នុងមូលដ្ឋានខេត្តបាន​​ល្អ​ប្រ​សើរជូន​ប្រជាពលរដ្ឋ ដោយឈរលើការ​អនុវត្ត​ការគោលនយោបាយ​ភូមិ​ឃុំមាន​សុវត្ថិភាពនិងបានការយកចិតទុកដាក់​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន និង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា កងកម្លាំង​នគរបាល​ទាំងអស់ត្រូវ​ខិតខំ​បន្ត​យកចិត្តទុកដាក់បំពេញ​តួនាទី ប​ម្រើ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ត្រូវពង្រឹងការទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ និងសកម្មភាពទាំងឡាយណាដែលនាំ​ឱ្យមានអស្ថិរភាពនៅក្នុង​មូលដ្ឋាន និង​ត្រូវ​បន្តជួយ​ដោះស្រាយ​រាល់​ទុក្ខលំបាក​របស់ប្រជា​ពល​រដ្ឋ និង​ត្រូវ​ទទួលខុសត្រូវ​លើ​សេវា​សាធារណៈ ​អត្តសញ្ញាណប័ណ្ណ តាម​មូលដ្ឋាន​ឱ្យ​កាន់​ល្អ​ប្រសើរ​ឡើ​ង​បន្ថែមទៀត​។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ឧត្តមសេនីយ៍​ឯក សេក​ ភូមី​ បានវាយតម្លៃខ្ពស់និងថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ធ្វើឱ្យបទល្មើសមានការថយចុះបើប្រៀបធៀបទៅឆ្នាំកន្លងមក និងថែរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពល រដ្ឋមានការជឿជាក់ គ្មានការភ័យខ្លាចអំពីភាពអសន្តិសុខ។

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក ក៏បានជំរុញដល់ កងកម្លាំងនគរបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកខ្ពស់ ក្នុងការចូលរួមថែរក្សាការពារ ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ត្រូវរួមគ្នាសហការគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗនិងសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋានពិសេសការទប់ស្កាត់ ការបង្រ្កាបឱ្យបានទាន់ពេលវេលា ទាំងការធ្វើចរាចរនិងសេពគ្រឿងញៀនខុសច្បាប់និងរួមគ្នាកសាងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែល្អប្រសើរឡើង​៕

ដោយ ឆាយ ម៉ុត