រដ្ឋបាលខេត្តកំពង់ធំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩

AKP កំពង់ធំ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -នៅសាលប្រជុំសាលាខេត្តកំពង់ធំ ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំបានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

ក្នុងឱកាសបើកសន្និបាត ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍ថា ឆ្នាំ២០១៨គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្ដើមរបស់រាជ  រដ្ឋាភិបាល នីតិកាលទី៦ផងដែរ។ សន្និបាតរបស់យើងនៅពេលនេះ គឺពិតជាមានអត្ថន័យ និងឱកាសដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាធ្វើការវាយតម្លៃអំពីលទ្ធផលការងារដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យវាយតម្លៃ អំពីបញ្ហាប្រឈមដែលនៅសេសសល់សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តន៍កម្មវិធីកំណែទម្រង់នានាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យកាន់កាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ដោយរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គម ពង្រឹងនីតិរដ្ឋ អភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្សនិងសេចក្ដីថ្លៃថ្នូរដោយឈរលើមូលដ្ឋានបង្រួបបង្រួមជាតិ ផ្សះផ្សា ឯកភាពជាតិធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាត់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនសមាជិកសន្និបាតផងដែរ។

ឯកឧត្តមអភិបាលខេត្តបានក្រើនរម្លឹកដល់ស្នងការ ស្នងការរង មេបញ្ជារកា មេបញ្ជា ការរងទាំងអាវុធហត្ថ និងយោធាព្រមទាំងមន្ត្រីជំនាញទាំងអស់ត្រូវខិតខំអនុវត្តន៍ការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ បញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀនខុសច្បាប់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់យុវជន ត្រូវបន្តទប់ស្កាត់ការជួញដូរមនុស្ស និងផលិតផលក្លែងក្លាយជាបន្តបន្ទាប់ទៀត ៕

ដោយ ស៊ុម វណ្ណា