កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ព្រំដែនក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

ប្រភពដដែលបានគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាតមួយចំនួន សំដៅឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

នៅក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យមន្ត្រីទទួលបន្ទុកតាមគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ យកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកាន់យកឥរិយាបថថ្លៃថ្នូរ ក្នុងនាមតំណាងឱ្យប្រទេសជាតិទាំងមូល ។ ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរចំពោះការរៀបចំតាមផ្នែក និងតាមដំណាក់កាលនីមួយៗប្រកបដោយភាពច្នៃប្រឌិតរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ នឹងប្រព្រឹត្តទៅនៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានការចូលរួមពីប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ GIZ និង អង្គការ DEFAT៕

ដោយ ទេស ច័ន្ទសុធារី