លោកជំទាវ អភិបាលខេត្តកោះកុង ចូលរួមទិវា ៨មីនា នៅស្រុកមណ្ឌលសីមា

AKP កោះកុង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -នៅថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅស្រុកមណ្ឌលសីមា ខេត្តកោះកង លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី ១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សា សមាជិក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុកមណ្ឌល ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត មន្រ្តីរាជការសាលាស្រុក លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សរុបប្រមាណ ២០០នាក់ ។

ក្នុងឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនានាលើពិភពលោក និង ប្រទេសជិតខាង ដើម្បីរក្សាសុខសន្តិភាព និងបូរណភាពទឹកដី ព្រមទាំងការអភិវឌ្ឍនានា ជាមួយនឹងការវិនិយោគ លើសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌  ដោយមិនទុកឱ្យនរណាម្នាក់នៅឯកោ ព្រមទាំងធានាថា ស្ត្រី ក្មេងស្រី និងក្រុមជនងាយរងគ្រោះ ទទួលបានផលប្រយោជន៍ ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយចីរភាព។

លោកជំទាវបន្តទៀតថា ដើម្បីពង្រឹងសមភាព យេនឌ័រ ការពង្រឹងភាពអង់អាចរបស់  ស្ត្រី និងក្មេងស្រី និងការផ្តល់ការគាំពារសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំបាច់បំផុត ដើម្បីធានាបាននូវដំណើរការ សង្គមប្រកបដោយសុខដុមរមនា៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តកោះកុង )