ឯកឧត្តម យន្ត មីន សំណេះសំណាលជាមួយនារីជាមន្ត្រីសាលាខេត្តក្នុងទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី0៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះ សំណាលជាមួយបងប្អូននារីជាមន្ត្រីសាលាខេត្តព្រះ សីហនុ ចំនួន ៦៨នាក់ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា នេះជាការជួបជុំក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា ហើយកម្មវិធីជួបសំណេះសំណាល បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ ដែលរដ្ឋបាលខេត្ត បានរៀបចំការជួបជុំនារីក្នុងសាលាខេត្តព្រះសីហនុ ជាលក្ខណៈគ្រួសារ និងពង្រឹងភាពអង់អាចរបស់នារីប្រកបដោយសុខដុមរមនា ស្របតាមយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ នៃផែនការយុទ្ធសាស្ត្រជាតិ២០១៩-២០៣០ របស់រាជរដ្ឋាភិបាល ។ ការចូលរួមរបស់ស្ត្រី មិនអាចខ្វះបានក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ  ព្រោះស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច មានភារកិច្ចរួមចំណែកដ៏សំខាន់ក្នុងការដឹកនាំកសាងប្រទេសដូចបុរស និងជាដៃគូក្នុងការធ្វើឱ្យប្រសើរនូវស្ថានភាព និងជីវភាពរស់នៅ ។ ស្ត្រីបានបំពេញតួនាទីនៅក្នុងវិស័យមុខងារសាធារណ: សមាជិករាជរដ្ឋាភិបាល ក្រុមប្រឹក្សារាជថានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ស្ត្រីក៏បានបម្រើការងារជា អភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងក្នុងជួររាជរដ្ឋាភិបាល ។ រាល់ការងារសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរ យើងត្រូវខិតខំធ្វើអំពើល្អ រៀនសូត្របន្ថែមទៀត បង្កើននូវសមត្ថភាពធនធានមនុស្ស លើកកម្ពស់សមភាពយេនឌ័រ តាមវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យផ្សេងៗទៀត ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ចមានការកើនឡើង រួមចំណែកលើកកម្ពស់ ពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ ។ ស្ត្រីត្រូវបានពង្រឹងសមត្ថភាព និងបង្កើនភាពអង់អាចទទួលបាននូវជោគជ័យក្នុងការជំរុញការអភិវឌ្ឍប្រកបដោយសមភាពបរិយាប័ន្ន ចីរភាព ដើម្បីរួមចំណែកធ្វើឱ្យសង្គមគ្រួសារ សង្គមជាតិឈានឆ្ពោះទៅរកស្ថានភាពប្រកបដោយសីលធម៌ថ្លៃថ្នូរ សុភមង្គល និងសុខដុមរមនា ទៅថ្ងៃអនាគត ។

ឯកឧត្តមក៏បានអំពាវ នាវដល់បងប្អូនស្ត្រីនៅខេត្តព្រះសីហនុលើកស្ទួយតម្លៃវប្បធម៌ជាតិ រក្សាកិត្តិយស និងសិទ្ធិរបស់ស្ត្រី ដែលជាភរិយា ជាម្តាយ ជាកូនស្រី ប្រកាន់ខ្ជាប់នូវគោល ការណ៍ប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរ ដោយស្មើភាពគ្នាក្នុងការចូលរួមផ្លាស់ប្ដូរស្ថានភាពស្ត្រីនៅតាមបណ្ដាមន្ទីរ អង្គភាព ស្ថាប័ន សហគមន៍ និងសង្គមគ្រួសារ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនស្ត្រីជាមន្ត្រីសាលាខេត្តព្រះសីហនុទាំង ៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ប៉ាក់ម្នាក់ ១អាវ និងថវិកា ២០ម៉ឺនរៀល ៕

ដោយ ងូ សុមុនី